(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយហាមដាច់ខាតមិនអនុញ្ញាត ឲ្យមានការយកកងកម្លាំងសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ទៅការពារនៅកន្លែងកម្សាន្ដ ពិសេសក្លឹប ខារ៉ាអូខេ និងកាស៊ីណូជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែង ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «កម្លាំងសមត្ថកិច្ចរបស់យើង ជាមន្ដ្រីរាជការទាំងស៊ីវិល ទាំងកងទ័ព ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ ចឹងអ្នកគ្រប់គ្រងសុំឲ្យមើល កុំចាត់តាំងកម្លាំងរបស់ខ្លួនទៅយាមខារ៉ាអូខេ»

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការយកកងកម្លាំងទៅយាមការពារ គឺខុសនឹងច្បាប់ទាំងស្រុង ហើយអ្វីដែលកាន់តែខុសទៀតនោះ កន្លែងសប្បាយទាំងអស់នោះ មានបង្កប់ការប្រើប្រាស់ថ្នាំញៀន គឺកាន់តែមានកំហុសធ្ងន់ធ្ងរ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្ដីណែនាំមួយ ដាច់ខាតមិនអនុញ្ញាតឲ្យមានរឿងនេះ កើតឡើងនោះឡើយ។

ទាក់ទិននឹងករណីនេះ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តឲ្យតាមបណ្ដាក្លឹបកម្សាន្ដ ខារ៉ាអូខេ ឬកន្លែងសប្បាយភាពទាំងអស់ គួរតែប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជនឲ្យបានច្រើន ខណៈដែលបច្ចុប្បន្នភា្នក់ងារសន្ដិសុខឯកជន ក៏ទទួលបានការបណ្ដុះបណ្ដាល ពីអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

គួរជម្រាបថា បញ្ជារបស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើងបន្ទាប់ពីពេលកន្លងទៅ សម្ដេចសង្កេតឃើញថា កម្លាំងសមត្ថកិច្ចនៅមានការឆកល្វែងខ្លះ ដោយអនុញ្ញាតឲ្យមានយកកងកម្លាំងដែលជាអ្នកអនុវត្តច្បាប់ ទៅការពារនៅតាមក្លឹប ខារ៉ាអូខេ និងកាស៊ីណូជាដើម។

សូមបញ្ជាក់ផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើសេវានៅក្នុងប្រទេសកម្ពុជា សម្ដៅលើកកម្ពស់វិស័យមួយនេះឲ្យកាន់តែមានប្រសិទ្ធភាព៕