(ព្រះសីហនុ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ប្រធានធនាគារខេត្តជាំងស៊ី ដឹកនាំគណ:ប្រតិភូខេត្ត ចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពល នៃខេត្តជាប់មាត់សមុទ្រមួយនេះ សម្រាប់ឱកាសវិនិយោគវិស័យធនគារ និងសំណង់។ នេះបើយោងតាម លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី។ ទន្ទឹមនោះ លោក តឹង អ៊ីងគ័ង បានកោតសរសើរអភិបាលខេត្តព្រះសីហនុ ដឹកនាំខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោកថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់វិនិយោគខេត្តជាំងស៊ី ឱ្យមកកាន់ខេត្តព្រះសីហនុ។

លោក យន្ត មីន គូសបញ្ជាក់ថា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ សំណង់ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ លោកបញ្ជាក់ថា ខេត្តមានកំពង់ផែទឹក ជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥។

លោកអភិបាលខេត្ត បានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្ន រួមមាន៖

*ទី១៖ កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណ ទំនិញនាំចេញ-ចូលទូទាំងប្រទេស
*ទី២៖ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បាននឹងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ មានជើងហោះហើរចំនួន ១៣៣ជើងក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិមាន ៩១ជើងក្នុងមួយសប្តាហ៍
*ទី៣៖ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមានរោងចក្រធំ តូចសរុប២១៩ កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២នាក់ ក្នុងនោះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន ៨ពាន់លានដុល្លារ។

តាមរយៈជំនួបនេះលោក យន្ត មីន បង្ហាញការស្វាគមន៍ចំក្រុមវិនិយោគិនស្របច្បាប់ និងធានាការពារសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់ជូនអ្នកវិនិយោគ និងទេសចរទាំងអស់យ៉ាងគត់មត់៕