(ក្រចេះ)៖ សមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលពី លោក ជា សុភក្រ័្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើ ១កន្លែង ដែលធ្វើបែបអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិ កន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយរឹបអូសបានឈើជាច្រើនម៉ែត្រគូប និងវត្ថុតាងផ្សេងៗជាច្រើនទៀត។

លោក មី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះថា កម្លាំងរដ្ឋបាលព្រៃឈើកំពុងដឹងជញ្ជូនឈើយកទៅរក្សាទុកនៅស្ថានីបណ្ដុះកូនឈើខ្សា មិនទាន់រួចរាល់នៅឡើយទេ ហើយក៏មិនទាន់ដឹងចំនួនម៉ែត្រដែរ ដោយសារមិនទាន់បានធ្វើការវាស់វែង។

លោកបន្តទៀតថា ឈើទាំងនោះភាគច្រើជាឈើប្រភេទលេខ១ (សុក្រំ) កម្លាំងជំនាញរឹបអូសបានឈើជាច្រើន និងម៉ាស៊ីនឈូសឈើចំនួន១គ្រឿង ម៉ាស៊ីនតាបចំនួន២គ្រឿង ចំណែកម្ចាស់សិប្បកម្មកែច្នៃនោះ មិនបានស្គាល់អត្តសញ្ញាណទេ ពេលកម្លាំងចុះទៅដល់ទីតាំងនោះពួកគេបានរត់គេចខ្លួនបាត់អស់។

មន្រ្តីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា កម្លាំងចម្រុះចុះបង្រ្កាបរួមមាន កម្លាំងអាវុធហត្ថ កម្លាំងផ្នែករដ្ឋបាលព្រៃឈើក្រចេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងសិប្បកម្មនេះ ហើយខណៈពេលនេះកម្លាំងជំនាញកំពុងដឹកជញ្ជូនឈើចេញពីសប្បិកម្មនេះមិនទាន់អស់នៅឡើយទេ កំពុងតែបន្ដដឹកជញ្ជូន៕