(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន៣។ កិច្ចប្រជុំនេះធ្វើនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅទីស្តីការក្រសួង។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យលើរបៀបវារៈចំនួន៣រួមមាន៖

ទី១៖ សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០១៩ ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០៖ សេចក្ដីព្រាងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ ២០១៩ ជាឯកសារត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ឆ្នាំ ២០១៦-២០៣០ ដែលសម្រេចបានក្នុងរយៈពេល ៣ឆ្នាំកន្លងមក (២០១៦-២០១៨) តាមគោលការណ៍ស្ម័គ្រចិត្ត។ របាយការណ៍នេះ ជាការចែករំលែកនូវបទពិសោធន៍នៃបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ លើភាពជោគជ័យ, បញ្ហាប្រឈម, មេរៀនដកស្រង់ពីការអនុវត្ត, និងគោលនយោបាយគន្លឹះក្នុងការជំរុញ និងពន្លឿនការអនុវត្តគោលដៅប្រកបដោចីរភាព២០៣០ ។ ការចូលរួមក្នុងការត្រួតពិនិត្យវឌ្ឍនភាពគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ជាពិសេសដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ «គ្មាននរណាម្នាក់ត្រូវ បានបំភ្លេចចោល»។

កម្ពុជា គឺជាប្រទេសគំរូក្នុងចំណោមប្រទេសចំនួន ៦ក្នុងពិភពលោក ដែលសម្រេចបានគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងក្នុងចំណោមប្រទេសចំនួន ៥១ ដែលបានស្ម័គ្រចិត្តលើកទី១ ក្នុងការបង្ហាញនូវវឌ្ឍនភាពនៃការអនុវត្ត គ.អ.ច.ក ព្រមទាំងចែករំលែកនូវបទពិសោធន៍នៃភាពជោគជ័យ, បញ្ហាប្រឈម និងមេរៀន ល្អៗដល់ប្រទេសដទៃទៀត។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការឯកភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកសារនេះនឹងត្រូវដាក់ជូនដើម្បីទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា មុននឹងផ្ញើជូនអង្គការសហប្រជាជាតិ ក្នុងខែមិថុនា ឆ្នាំ២០១៩ ហើយនឹងត្រូវធ្វើបទបង្ហាញក្នុងវេទិកានយោបាយកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ។

ទី២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការចុះបញ្ជីបរធនបាលកិច្ច៖ ការរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការចុះបញ្ជីបរធនបាលកិច្ច មានគោលបំណងកំណត់លក្ខខណ្ឌ និងនីតិវិធីលម្អិតនៃការចុះបញ្ជីបរធនបាលកិច្ច ដែលមាន ០៤ប្រភេទ រួមមាន៖ បរធនបាលកិច្ចពាណិជ្ជកម្ម, បរធនបាល- កិច្ចសាធារណៈ, បរធនបាលកិច្ចសង្គម, និងបរធនបាលកិច្ចបុគ្គល។ ការអនុម័តអនុក្រឹត្យនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីបរធនបាលកិច្ច ក្នុងការជួយពង្រឹងដល់ការគ្រប់គ្រង និងការតាមដានត្រួតពិនិត្យវិស័យបរធនបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ នៅកម្ពុជាប្រកបដោយបរិយាប័ន្ន។

ទី៣៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុកម្ពុជា៖ ការបង្កើតយន្តការគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ គឺជានិន្នាការតំបន់ និងពិភពលោក បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ដែលបានកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក។ ការបង្កើតយន្តការដើម្បីទប់ស្កាត់ និងគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមានទៅលើ វិស័យហិរញ្ញវត្ថុទាំងមូល និងការរាលដាលទៅកាន់វិស័យសេដ្ឋកិច្ចរូបវ័ន្ត សំដៅធានាបាននូវស្ថិរភាព និងចីរភាពនៃការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ។

សម្រាប់កម្ពុជា, ខណៈពេលដែលវិស័យហិរញ្ញវត្ថុកាន់តែមានការអភិវឌ្ឍ, ពិពិធកម្មទូលំទូលាយ និងសមារណកម្មស៊ីជម្រៅ, អនុវិស័យហិរញ្ញវត្ថុនីមួយៗ កាន់តែមានភាពប្រទាក់ក្រឡា និងស្មុគស្មាញ ដែលចាំបាច់តម្រូវឱ្យមានយន្តការក្របខ័ណ្ឌថ្នាក់ជាតិសមស្រប ដើម្បីឆ្លើយតបទៅនឹងហានិភ័យជាប្រព័ន្ធដែលអាចកើតមានឡើងជាយថាហេតុ ។ អង្គប្រជុំ បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃសេចក្តីព្រាងឯកសារទាំងបី និងព្រមទាំងបានពិភាក្សាស៊ីជម្រៅលើខ្លឹមសារតាមផ្នែកនីមួយៗ ដើម្បីជាធាតុចូលបន្ថែមទៀតសម្រាប់ក្រុមការងារបន្តធ្វើការកែលម្អមុននឹងដាក់ស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងកិច្ចប្រជុំនេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលបានខិតខំសហការរៀបចំឯកសារដ៏មានសារៈសំខាន់ទាំងបី និងបានណែនាំឱ្យក្រុម ការងាររៀបចំឯកសារ និងក្រុមការងារអន្តរក្រសួងបន្តផ្តល់កិច្ចសហការ និងធ្វើការផ្ទាល់ជាមួយអ្នកពាក់ព័ន្ធ កែសម្រួលចំណុចដែលនៅខ្វះខាតតាមស្មារតីអង្គប្រជុំ ដើម្បីឱ្យឯកសារទាំងនេះកាន់តែមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ៕