(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា នៅឆ្នាំ២០១៩នេះ ត្រូវតែបញ្ចប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ពីព្រោះជាការទទួលខុសត្រូវធំធេង និងធ្ងន់ធ្ងន់ណាស់ចំពោះមុខប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នា។

សម្តេចក្រឡាហោម បានដាក់បទបញ្ជានេះទៅដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសមួយនេះ នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្ត។

បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃរូបនេះ ក៏បានចេញបញ្ជាមួយទៀតនោះគឺ ហាមចាត់តាំងកម្លាំងនគរបាលទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំងប្រព្រឹត្ត គ្រឿងញៀន ដូច្នេះបើកម្លាំងទៅយាមនៅទីនោះ ដូចទៅយាមកន្លែងគ្រឿងញៀនចឹង ខណៈក្រសួងមហាផ្ទៃនៅពេលនេះ កំពុងធ្វើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធរឿងនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្ត ដោយឃាត់មនុស្សរាប់រយនាក់។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងនគរបាល បានចូលទៅបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបកំសាន្ត «លុច្សសារី» ខណ្ឌដូនពេញ ដោយឃាត់មនុស្សជាង ៤០០នាក់ ហើយរកឃើញមនុស្សជិត ១០០នាក់មានសារធាតុញៀនក្នុងខ្លួន។

អ្នកដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ ភាគច្រើនបំផុតជាយុវជន និងយុវនារី ហើយមានទាំងជនជាតិវៀតណាម និងជនជាតិចិនផងដែរ៕