(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះសំណាលសាកសួរសុខទុក្ខ និងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាដីសម្បទានពីរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋចំនួន១៨៤គ្រួសារ ដែលរស់នៅភូមិព្រែកស្មាច់ និងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដោះស្រាយដីធ្លី រួមទាំងមន្ត្រីគ្រប់ស្ថាប័នពាក់ពន្ធ និងពលរដ្ឋជិត២០០នាក់។

លោក សុខ សុទ្ធី បានថ្លែងថា ប្រជាពលរដ្ឋដែលទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលជាសម្បទាពីរាជរដ្ឋាភិបាលនេះមានចំនួន១៨៤គ្រួសារ បានរស់នៅតំបន់ក្នុងមូលដ្ឋាន នៃតំបន់មាត់សមុទ្រ (កោះស្តេច) ហើយបានទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION DEVELOPMENT GROUPCO, LTD តែអីឡូវនេះពួកគាត់ បានព្រមព្រៀងទទួលសំណងគោលនយោបាយ របស់គណៈកម្មាធិការអន្តរក្រសួង ដោយបានចាកចេញពីភូមិករចាស់ (តំបន់មាត់សមុទ្រ) មកតាំងនៅភូមិករថ្មី (តំបន់កូនកុក) វិញ លើដីដែលផ្តល់ជូនពួកគាត់។

លោក សុខ សុទ្ធី បានបន្ថែមថា ដីដែលពួកគាត់ទទួលបាននេះ គឺមានព្រមព្រៀងគ្នាដោយសុក្រិត្យ ដោយធ្វើការចាប់ឆ្នោតយកលេខសម្គាល់ក្បាលដីរៀងៗខ្លួន ដោយ១គ្រួសារទទួលបាន១ហិចតា ហើយដីដែលត្រូវបែងចែកមានដីប្រហែល២៩០ហិចតា ចែកជូនពលរដ្ឋចំនួន ១៨៤គ្រួសារ ស្មើនឹងទំហំដី១៨៤ហិចតា កសាងផ្លូវ១២ខ្សែ ក្នុង១ខ្សែប្រវែង៣,៣០០ម៉ែត្រ និងទទឹង២០ម៉ែត្រ។

លោកបានសូមឱ្យពលរដ្ឋដែលបានទទួលដីកម្មសិទ្ធិស្របច្បាប់ កុំលក់ដូរអីត្រូវធ្វើដំណាំកសិកម្មដាំដុះ ហើយកុំជឿលើការញុះញ៉ុង របស់ពួកប្រឆាំងមួយចំនួន ដើរកាប់ទន្រ្ទាន់ដីរដ្ឋបន្តទៀត កុំឱ្យមានទោសដល់ខ្លួន។

លោកស្រី មិថុនា ភូថង បានថ្លែងដែរថា បងប្អូនដែលបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលជាសម្បទានពីរាជរដ្ឋាភិបាលនេះ សូមកុំលក់ដូរឱ្យសោះ ទុក្ខសម្រាប់បង្កបង្កើតផលដំណាំកសិកម្ម ដើម្បីចិញ្ចឹមគ្រួសារ ធ្វើឱ្យប្រទេសជាតិយើងមានការរីកចំរើន គ្រប់ផ្នែកគ្រប់វិស័យ ហើយប្រជាពលរដ្ឋរាល់ថ្ងៃ មានការធ្វើច្រើនណាស់នៅតាមសហគ្រាស រោងចក្រនានា។ល។

លោកស្រីបានថ្លែងបន្តថា សូមឱ្យបងប្អូនពុកម៉ែកទាំងអស់ថែរក្សាសុខភាព ព្រោះអីឡូវអត្រាជំងឺគ្រុនឈាមមានអាត្រាខ្ពស់ស្ទើទូទាំងប្រទេស ដូច្នេះយើងគួរតែប្រយ័ត្នក្នុងការរស់នៅ ត្រូវថែរក្សាអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាន កំចាត់ជម្រកមូស ដើម្បីសុខភាពក្រុមគ្រួសារយើងទាំងអស់គ្នា៕