(សិង្ហបុរី)៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត Tuan Haji Dr. Mohamed Fatris Bin Bakaram ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃក្រុមប្រឹក្សាឥស្លាមសិង្ហបុរី (MUIS) ដែលជាស្ថាប័នកំពូលឥស្លាមសិង្ហបុរី បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងគណៈប្រតិភូ។

លោកបណ្ឌិតចាងហ្វាង បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសឲ្យកាន់តែបានល្អប្រសើរឡើង នូវនិតិវិធីគ្រប់គ្រងហាជ្ជី (ធម្មយាត្រា) វិស័យហ្សាកាត់ (បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល ដែលមានបទពិសោធន៍លើកិច្ចខាងលើជាង ៥០ឆ្នាំមកហើយ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ចាងហ្វាង មូហាំម៉ាត់ ហ្វាត់រិស បានសម្តែងការអបអរសាទរ ចំពោះសហគមន៌ឥស្លាមទូទាំងប្រទេសកម្ពុជា ដែលបានរស់នៅប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្មដោយគ្មានការរើសអើង គ្មានជម្លោះជាតិសាសន៌ គោរពស្រឡាញ់គ្នា ក្រោមម្លប់នៃសន្តិភាព ដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យមានតំណាងជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និងជួររាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធសេរីភាពពេញលេញក្នុងការប្រតិបត្តិ តាមជំនឿសាសនារបស់ខ្លួន៕