(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុរបស់កម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ថា នៅរយៈពេលនេះជ្រលងសម្ពាធទាប នៅតែបន្តអូសបន្លាយលើកម្ពុជា ខណៈខ្យល់មូសុងនីរតីបង្កើនឥទ្ធិពល មកលើតំបន់មាត់សមុទ្រ ដែលលក្ខណៈបែបនេះធ្វើឲ្យ៖

១៖ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

២៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាលភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនោះ កន្លែងខ្លះអាចមានបរិមាណច្រើន។

៣៖ បណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ។

៤៖ ឯខេត្តភាគខាងលើនៅឥសាន្តជាប់ប្រទេសវៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។

៥៖ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅតែបន្តកើតមាន ខណៈនៅលើផ្ទៃសមុទ្រនៅថ្ងៃទី១២ ដល់ ១៣ ខែមិថុនា ផ្ទៃមេឃមានពពកដេរដាស់ លាយឡំនឹងភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ននូវបាតុភូ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕