(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ។

នៅក្នុងជំនួបពិភាក្សានោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក Eldeen Husaini BIN MOHD HASHIM នាឱកាសដែលលោកត្រូវ បានរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី តែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេស៊ី មានចំណងការទូត និងកិច្ចសហប្រតិបត្តិការជាយូរលង់ណាស់មកហើយ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌអាស៊ាន និងនៅលើឆាកអន្តរជាតិ ហើយក្នុងនោះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគក៏ត្រូវបានពង្រឹង និង ពង្រីកឥតឈប់ឈរ ។

លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ។

លោកលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនទៀត បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, សំណង់លំនៅដ្ឋានមានម្លៃសមរម្យ, ទេសចរណ៍, សុខាភិបាល, និងសេដ្ឋកិច្ចឌីជីថល។

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០០៦ ទំហំវិនិយោគផ្ទាល់ (FDI) ពីម៉ាឡេស៊ីនៅកម្ពុជាស្ថិតក្នុង ចំណាត់ថ្នាក់លេខ១។ ក្នុងន័យនេះ រដ្ឋាភិបាលម៉ាឡេស៊ីនឹងជំរុញឲ្យក្រុមហ៊ុនម៉ាឡេស៊ីដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត សំដៅឈានទៅមានទំហំទុនវិនិយោគច្រើនជាងគេ នៅកម្ពុជាជាថ្មីម្តងទៀត ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនលោកឯកអគ្គរាជទូត ម៉ាឡេស៊ីថា ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ចំពោះ ការវិនិយោគបន្ថែមទៀតនៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី។ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រព្រឹត្តកម្ម ស្មើភាពគ្នា ចំពោះគ្រប់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ, កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកញ្ចប់កំណែទម្រង់គ្រប់វិស័យ ដើម្បី ទាក់ទាញការវិនិយោគ, សម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់ការប្រគួតប្រជែងរបស់កម្ពុជា ។ កញ្ចប់កំណែទម្រង់នេះ មានវិសាលភាពគ្របដណ្តប់លើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ រួមទាំង លើក្របខ័ណ្ឌគតិយុត្ត និងបច្ចេកទេស ។ ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំឲ្យមានយន្តការដោះស្រាយបញ្ហាដែលជាឧបសគ្គដល់ធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មផងដែរ ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាពន្ធគយ និងពន្ធដារ ។ ស្របពេលដែលមានកំណើន វិនិយោគពីម៉ាឡេស៊ី ប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេស៊ី នឹងចុះកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកយកពន្ធត្រួត គ្នា នាពេលឆាប់ៗខាងមុខនេះ ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយជូនពរលោកឯកអគ្គរាជទូតម៉ាឡេស៊ី Eldeen Husaini BIN MOHD HASHIM សូមបំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ៕