(ភ្នំពេញ)៖ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក នៅ សាត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ក្រោមការសួរនាំពីដំណើររឿង ក្លែងឯកសារលក់ដីរបស់ប្រជាជននៅតាមមូលដ្ឋាន។

យោងតាមដីកាកោះហៅរបស់លោក ងិន ពេជ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លោក នៅ សាត បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក សាកសួរពីដំណើររឿង «សមគំនិតក្នុងអំពើក្លែងបន្លំ ប្រើប្រាស់លិខិត និងលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»

ជាមួយគ្នានេះ តំណាងអយ្យការ ក៏បានកោះហៅបុគ្គលម្នាក់ទៀត ឈ្មោះ យ៉ែម រចនា រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចូលទៅបំភ្លឺពាក់ព័ន្ធក្នុងករណីនេះផងដែរ។

តាមដំណើររឿងប្រជាពលរដ្ឋ ៤គ្រួសារ បានទិញដីនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឆ្នាំ២០០៧-២០១៨ ដោយមានលិខិតទទួលស្គាល់ និងដឹងលឺពីអាជ្ញាធរភូមិឃុំ។ លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បុគ្គលឈ្មោះ នៅ ភារម្យ បាទក្លែងបន្លំស្នាមមេដៃរបស់ពួកគាត់ នៅក្នុងកិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ អៀ ម៉េងឃីម និងឈ្មោះ នៅ ភារម្យ កិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ ប្រាក់ លីម និងឈ្មោះ នៅ ភារម្យ លិខិតប្រគល់ដីចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ រវាងឈ្មោះ ថេង គឹមសាយ និងឈ្មោះ នៅ ភារម្យ និងលិខិតប្រគល់ដីចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៩ រវៀងឈ្មោះ ម៉ែន ស៉ីឌីន និងឈ្មោះ នៅ ភារម្យ ដោយមានការសមគំនិតជួយសម្រួលដោយចេតនា ជាលក្ខណៈប្រព័ន្ធពីអ្នកទិញឈ្មោះ ញ៉ែម រចនា ជាអ្នកជួយសម្របសម្រួលឯកសារ។

ម្ចាស់ដើមបណ្ដឹងបានបន្តទៀតថា បន្ទាប់មកឈ្មោះ នៅ ភារម្យ និងឈ្មោះ វ៉ាត ព្រឿង ជាអ្នកទទួលប្រាក់កក់ថ្លៃលក់ដីជាមួយគ្នា ដោយមានប្រថាប់ត្រាលើឯកសារពីលោក ហៀង ប៊ុនថុល មេឃុំអំពៅព្រៃ និងសម្របសម្រួលឯកសារពីលោក នៅ សាត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលស្រុកកណ្តាលស្ទឹងថែមទៀតផង។ ហើយបានប្រើប្រាស់លិខិតក្លែងខាងលើ ដើម្បីបន្តលក់ដីនោះទៅឲ្យឈ្មោះ យ៉ែម រចនា និងបានរត់ការរហូតចេញប័ណ្ណកម្មសិទ្ធិប្លង់រឹង នៅចំណុចដីខាងលើនេះឲ្យទៅឈ្មោះ ឡៃ ភីតធឺរយូប៉ុក បន្ថែមទៀតផង។

សូមបញ្ជាក់ថា លោក ឃុន សូណា ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឲ្យចាប់ខ្លួនបុគ្គលឈ្មោះ នៅ ភារម្យ ពីបទក្លែងបន្លំប្រើប្រាស់លិខិតក្លែង លួចលក់អចលវត្ថុដែល មិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល កាលកំឡុងឆ្នាំ២០១៥។ បុគ្គលឈ្មោះ នៅ ភារម្យ អាយុ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ២៣E០ ផ្លូវលេខ១៦០ ក្រុមទី៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ដើមបណ្ដឹងទាំងបួននាក់ បានលើកដៃទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ និងមានចំណាត់ការរកយុត្តិធម៌ជូនពួកគាត់ផង៕

លោក នៅ សាត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ឈ្មោះ នូវ ភារម្យ

ឈ្មោះ យ៉ែម រចនា