(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារកសាងផែនការខេត្ត បានថ្លែងថា នៅក្នុងជំហានទី១ នៃការរៀបចំកសាងកម្មវិធីវិនិយោគ គឺជាការប្រមូលធាតុចូល ដែលជាការងារសំខាន់សម្រាប់ការចាប់ផ្ដើម ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺការចូលរួម កិច្ចសហការល្អ និងការទទួលខុសត្រូវ របស់លោកលោកស្រីប្រធានមន្ទីរ អង្គភាព ដែលជាកត្តាសំខាន់ និងចាំបាច់ក្នុងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ។

លោក សុខ លូ បានលើឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្តកំពង់ធំ ឆ្នាំ២០២០-២០២២ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

លោក សុខ លូ បានបន្ថែមទៀតថា កិច្ចការនេះសំខាន់ណាស់ ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ចូលរួមបន្ស៊ីផែនការសកម្មភាពរបស់អង្គភាពលោក លោកស្រី ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដើម្បីឲ្យក្លាយទៅជារដ្ឋបាលឯកភាពមួយបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹង គោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើង។

លោកបានបន្ថែមទៀតថា ដំណើរការកសាងត្រូវមានលក្ខណៈជាប្រព័ន្ធ គឺការណែនាំផ្សព្វផ្សាយត្រូវអនុវត្តពីថ្នាក់ខេត្តទៅថ្នាក់ក្រុង-ស្រុក ហើយក្រុង-ស្រុក ត្រូវណែនាំបន្តទៅឃុំ សង្កាត់ រីឯដំណើរការរៀបចំបំពេញទម្រង់នានាវិញ ត្រូវចាប់ផ្ដើមពីឃុំ សង្កាត់មកមុន ដូច្នេះបើសិនជាមានការយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នឹងនាំឲ្យមានការយឺតយ៉ាវជាប្រព័ន្ធមិនខាន។

សូមបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលចាប់ផ្ដើមអាណត្តិរបស់ក្រុមប្រឹក្សាគ្រប់ថ្នាក់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ដោយកំណត់នូវគោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីវិនិយោគជារៀងរាល់ឆ្នាំ។ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវអនុវត្ត៣ជំហ៊ានគឺទី១៖ ការប្រមូលធាតុចូល ទី២៖ ការរៀបចំសេចក្ដីព្រាងកម្មវិធីវិនិយោគ និងទី៣៖ ការពិនិត្យអនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ៕