(ភ្នំពេញ)៖ ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុ ដែលអាចកើតមានជាយថាហេតុចំពោះក្មេង នៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសូមធ្វើការណែនាំដល់លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត ទាំងអស់ ចុះធ្វើការណែនាំដល់ម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋនៅមូលដ្ឋាន ដោយហាមក្មេងចូលក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មនេះ។

សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖

* ទី១៖ រៀបចំដាក់ស្លាកសញ្ញាធំៗ និងងាយមើលឃើញ ដូចជា៖ ហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម, ជនណាដែលនៅក្មេងចូលទៅក្នុងបរិវេណ ខ្សែសង្វាក់ផលិតកម្ម អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ, ការប្រើប្រាស់ពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ គឺអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

* ទី២៖ ហាមឃាត់ដាច់ខាតការប្រើប្រាស់ទាសភាពបំណុល ដើម្បីដាក់បន្ទុកសេរីភាពការងារកម្មករ។

* ទី៣៖ ត្រូវមានអ្នកឃ្លាំមើលជាប្រចាំ និងហាមក្មេងចូលក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម ឬធ្វើការនៅក្នុងសិប្បកម្ម
ផលិតឥដ្ឋ។

* ទី៤៖ ត្រូវរៀបចំកន្លែងស្នាក់នៅឲ្យឃ្លាតឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងត្រូវមានរបងការពារសុវត្ថិភាពដែលខណ្ឌចែកបរិវេណ ខ្សែសង្វាក់ផលិតកម្ម និងកន្លែងស្នាក់នៅ។

* ទី៥៖ ហាមឃាត់ដាច់ខាតរាល់ទម្រង់ នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បីដោះបំណុល៕