(កណ្តាល)៖ ដើម្បីឆ្លើយតបនឹង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅឃុំព្រែកអំបិល តាមរយៈការស្នើសុំរបស់ លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចឱ្យសាងសង់ផ្លូវបេតុងកាត់មាត់ស្ទឹងព្រែកអំបិល ប្រវែង ១០,៥០០ម៉ែត្រ ទន្ទឹង៨ម៉ែត្រ ជូនប្រជាពលរដ្ឋ។

ការផ្តល់នូវអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ រៀបចំហូបនំបញ្ចុកសាមគ្គី ដើម្បីសន្តិភាព នៅឃុំជ្រោយអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ លោក កែវ រ៉េមី បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច ទោះបីជា សម្តេចជាប់រវល់ក្នុងកិច្ចការងារជាតិយ៉ាងណាក៏ដោយ ក៏សម្តេចមិនដែលភ្លេចចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសិក្សាស្វែងយល់ និងក្តាប់ពីស្ថានភាពនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច។

ចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែនេះ លោក កែវ រ៉េមី ក៏សូមថ្លែងអំណរគុណដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ដែលលោកទាំងពីរបានគិតគូរផ្តួចផ្តើមគំនិតស្ថាបនាផ្លូវមួយខ្សែនេះឡើង ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ហើយនេះ គឺជាកាដូថ្មីមួយ សម្រាប់លោកដែលមកទទួលតួនាទីជាប្រធានក្រុមការងារចុះជួយឃុំ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំទាំងមូលផងដែរ។

នៅក្នុងឱកាសនោះដែរ លោក កែវ រ៉េមី បានបន្តថាក្នុងនាមប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល លោកនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន សិក្សាស្វែងយល់ពីតម្រូវការជាចាំបាច់ និងភាពខ្វះខាតមួយចំនួន ដើម្បីអភិវឌ្ឍនៅក្នុងមូលដ្ឋាន ឆ្លើយតបទៅនឹងសំណូមពរដែលប្រជាពលរដ្ឋ បានស្នើសុំផ្លូវពីរខ្សែ នៅក្នុងភូមិចំនួនពីរ បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់។

ពាក់ព័ន្ធនឹងសំណូមពរនេះ លោក កែវ រ៉េមី នឹងខិតខំប្រឹងប្រែងជំរុញឱ្យគម្រោងផ្លូវទាំងពីរខ្សែខាងលើ ដែលជាគម្រោងរបស់ខេត្តនោះ ឱ្យអនុវត្តឱ្យបានឆាប់រហ័ស ដើម្បីចូលកាត់បន្ថយភាពក្រីក្រ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ បន្ថែមពីនេះ លោកក៏បានជំរុញឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បន្តចុះពិនិត្យ ព្យាបាលព្រមទាំងផ្តល់សេវាសុខភាពផ្សេងៗ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានដិតដល់ផងដែរ៕