(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង «ឆ្មាំព្រៃ» នៅវេទិកាអុំទូកទល់មុខសាលាខេត្តឧត្តរមានជ័យ។ រឿង «ឆ្មាំព្រៃ» នឹងលើកទឹកចិត្តមនុស្សគ្រប់គ្នា ឲ្យស្វែងយល់ពីប្រវត្តិសាស្រ្ត និងតម្លៃនៃការថែរក្សាព្រៃឈើ ហើយខ្សែភាពយន្តឯកសារនេះ នឹងបង្ហាញពីជីវិតសត្វព្រៃ, ធនធានធម្មជាតិ និងព្រៃឈើនៅតំបន់ព្រៃសហគមន៍ ក្នុងខេត្តឧត្តរមានជ័យ។

តំបន់អន្លង់វែងជាតំបន់កាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម ស្ថិតនៅភាគជើងនៃប្រទេសកម្ពុជា ហើយក៏ជាតំបន់ដែលទទួលបានសន្តិភាព ចាប់ផ្តើមជាលើកដំបូងនៅប្រទេសកម្ពុជា។

រឿង «ឆ្មាំព្រៃ» បានលើកឡើងពីគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន សាលួត ដែលជាមេគណៈសង្ឃក្នុងខេត្តឧត្តរមានជ័យ ក្នុងការដឹកនាំការងារអភិរក្សព្រៃឈើ ដែលនៅសេសសល់ក្នុងខេត្តឧត្តរមានជ័យ។

ការបង្ហាញអំពីព្រៃឈើ និងតំបន់អន្លង់វែងមិនត្រឹមតែជាគោលបំណងមួយ របស់ភាពយន្តឯកសារតែប៉ុណ្ណោះទេ ក៏ប៉ុន្តែដើម្បីលុបបំបាត់ និងកែច្នៃភាពសាហាវឃោរឃៅ របស់របបខ្មែរក្រហមឲ្យទៅជាស្មារតីជាតិរួមគ្នាថ្មីមួយ ដែលមានយូរលង់ដំណាលគ្នា ទៅនឹងការកកើតព្រៃឈើនៅតំបន់នេះដែរ។

«ឆ្មាំព្រៃ» ជាខ្សែភាពដែលមានសុទិដ្ឋិនិយមហើយនឹងការជឿជាក់ លើយុវវ័យជំនាន់ក្រោយដែលនឹងយកគំរូតាមព្រះតេជគុណ ប៊ុន សាលួត ដែលជាការប្តេជ្ញា និងមានស្មារតីជាតិក្នុងការអភិរក្សវប្បធម៌ និងធនធានធម្មជាតិរបស់កម្ពុជា។ «ឆ្មាំព្រៃ» នឹងនាំអ្នកទស្សនាផ្សារភ្ជាប់ខ្លួន ទៅនឹងជីវចម្រុះនៃព្រៃឈើ។

ព្រៃឈើដែលងាយរងគ្រោះនេះ ត្រូវបានអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យរក្សាទៅជាព្រៃអភិរក្ស ដែលត្រូវបានដាក់ឈ្មោះជាផ្លូវការថា «ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត»។

ព្រះតេជគុណ ប៊ុន សាលួត ជាប្រធានសហគមន៍បានមានសង្ឃដីកាថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមានទំហំសរុប៣០,២៥៦ហិចតា លាតសន្ធឹងក្នុងស្រុកចំនួន៣រួមមាន៖ ស្រុកសំរោង, ស្រុកចុងកាល់ និងស្រុកអន្លង់វែង។
ព្រៃនេះត្រូវបានចាត់ចូលជាព្រៃ ដែលទទួលបានការពារតាមរយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា។

ស្រុកទាំង៣ខាងលើនេះក៏មាននៅក្នុងប្លង់គោល ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាសមាជិកអន្តរជាតិ។ គំនិតនៃប្លង់គោលស្រុកអន្លង់វែងនេះ ដើម្បីកែប្រែស្រុកអន្លង់វែង ឲ្យទៅជាទីក្រុងសន្តិភាពការបង្កើតថ្មី និងភាពរុងរឿងនៅតាមបណ្តោយព្រំដែនភាគខាងជើងដែរ។

ក្នុងដំណាក់កាលទីមួយដែលមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការជាមួយអន្តរក្រសួង ដើម្បីបង្កើតប្លង់គោលស្រុកអន្លង់វែងឡើងរួមជាមួយនឹងដំណើរការអប់រំការផ្សព្វផ្សាយពី ប្រវត្តិសាស្រ្តខ្មែរក្រហម និងការអភិរក្សតំបន់ប្រវត្តិសាស្រ្តទាំង១៤កន្លែងរួមមាន៖ ១៖ កន្លែងបូជាសព ប៉ុល ពត, ២៖ កន្លែងកាត់ទោស ប៉ុល ពត, ៣៖ ផ្ទះតាម៉ុក(លើខ្នងភ្នំដងរែក), ៤៖ កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០, ៥៖ ផ្ទះ ប៉ុល ពត និង ខៀវ សំផន, ៦៖ ឃ្លាំងដាក់សម្ភារៈជើងភ្នំ, ៧៖ កន្លែងបូជាសព សុន សេន, ៨៖ ស្រែគំរូ, ៩៖ ទីតាំងការដ្ឋានដឹកជញ្ជូនតាម៉ុក (ឃ្លាំងកណ្ដាល), ១០៖ បឹងអន្លង់វែង, ១១៖ ផ្ទះតាម៉ុក ៖ សារមន្ទីរតាម៉ុក, ១២៖ អតីតមន្ទីរពេទ្យ តាម៉ុក, ១៣៖ អតីតសាលារៀន តាម៉ុក និង១៤៖ ស្ពាន តាម៉ុក។

មជ្ឈមណ្ឌលឯកសារបានកំណត់ទីតាំង ប្រវត្តិសាស្រ្តសំខាន់ៗចំនួន១៤កន្លែងនៅតាមផ្លូវចាប់ពី អន្លង់វែងរហូតដល់កំពូលភ្នំដងរែក។ ប្រវត្តិសាស្រ្តបានផ្តល់អត្ថន័យយ៉ាងច្រើន សម្រាប់ទីតាំងទាំងនេះ ហើយសូម្បីប្រវត្តិសាស្រ្តអន្ធការនេះក៏ផ្តល់តម្លៃបានដែរ។

ប្រវត្តិសាស្រ្តខ្មែរក្រហមជាអ្វីមួយដែលធ្វើឲ្យអន្លង់វែង មានលក្ខណៈពិសេសជាងកន្លែងដទៃទៀត។ បញ្ហាប្រឈមគឺថាត្រូវចាប់យកខ្លឹមសារសំខាន់នៃ តំបន់នេះដោយមិនចាំបាច់ជាប់ផុង នៅក្នុងអតីតកាលដ៏អន្ធរការឡើយ។ គោលដៅរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាគឺបង្កើតតំបន់មួយ ដោយមិនចាំបាច់លុបបំបាត់ចោលនូវការចងចាំអំពើហិង្សា និងការប៉ះទង្គិចផ្លូវចិត្តឡើយ ក៏ប៉ុន្តែត្រូវប្រែក្លាយតំបន់នេះពីទីតាំងនៃឈឺចាប់ ឲ្យទៅជាទីតាំងនៃការបង្កើតជីវិតថ្មី។

តាមវិធីនេះប្រវត្តិសាស្រ្តអន្ធការអាចក្លាយជា អនាគតដ៏ត្រចះត្រចង់មួយ ហើយទីកន្លែងនៃការប្រព្រឹត្តអំពើហិង្សាទៅលើស្រ្តីដែលប្រពន្ធ និងកូនស្រីរបស់ សុន សេន ត្រូវបានរំលោភ និងសម្លាប់អាចប្រែទៅជាមជ្ឈមណ្ឌលស្រ្តី សម្រាប់បណ្តុះបណ្តាល និងពិគ្រោះយោបល់។

ឃ្លាំងដែលធ្លាប់ស្តុកទុកគ្រាប់មីនអាចប្រែក្លាយទៅជាទីកន្លែងដែលប្រជាជនអាចផលិតឈើច្រត់ រទេះរុញ និងកង់ជាដើម តាមមធ្យោបាយនេះទីកន្លែងដែលធ្វើឲ្យមនុស្សរបួស និងពិការអាចក្លាយទៅជាទីកន្លែង ដែលផ្តល់ការងារដល់ប្រជាជន តាមការលើកកម្ពស់ជនពិការឲ្យដើរបានឡើងវិញ និងស្តារសង្គមទៀតផង។

តាមរយៈការរចនាប្លង់គោលនេះ យើងនឹងបង្កើតបានទីតាំងប្រកបដោយ សោភ័ណ្ឌភាពដែលមិនអាចបំភេ្លចបាន នៅក្នុងសហគមន៍អន្លង់វែង។ ការប្រើប្រាស់ធនធានធម្មជាតិ, សណ្ឋានដី, ព្រៃឈើ, ភ្នំ, ស្ទឹង, បឹងបួរ ដោយគំនិតច្នៃប្រឌិតនឹងជួយរក្សានូវលំនឹងពី ការសឹករេចរឹល និងជួយអភិវឌ្ឍន៍តំបន់នេះយូរអង្វែង។

ប្លង់គោលនេះជាយុទ្ធសាស្រ្តចម្បងជួយការពារព្រំដែន ភាគខាងលិចទប់ស្កាត់ជម្លោះព្រំដែន និងទប់ស្កាត់ការទន្រ្ទានកាន់កាប់ដី ក្នុងបឹងប្រវត្តិសាស្រ្តអន្លង់វែង និងតំបន់ប្រវត្តិសាស្រ្ត ដែលទទួលបានការអភិរក្សផ្សេងទៀត។
ព្រះតេជគុណ ប៊ុន សាលួត ដែលជាមេគណៈខេត្តឧត្តរមានជ័យ មានសង្ឃដីកាបន្ថែមថា តំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ជាព្រៃសេសសល់ចុងក្រោយនៃខេត្តឧត្តរមានជ័យ។ កាលពីមុនតំបន់ព្រៃសង្ឃរុក្ខវ័ន្តត្រូវបានទន្ទ្រាន និងកាប់ឈើលក់ទៅឲ្យឈ្មួញ ធ្វើឲ្យព្រៃឈើនៅតំបន់នេះចាប់ផ្តើមរេចរឹលបន្តិចម្តងៗ ហើយជម្រកសត្វព្រៃក៏បានបាត់បង់ជាបណ្តើរៗ។

ដូច្នេះព្រះអង្គក៏ស្ម័គ្រចិត្តចូលបម្រើការងារថែរក្សាព្រៃនេះ និងបានបំពេញឯកសារទៅស្ថាប័នពាក់ព័ន្ធក្រសួង និងរដ្ឋាភិបាល ដើម្បីសុំសិទ្ធិការពារថែរក្សា និងអភិរក្សតំបន់ព្រៃសហគមន៍នេះ ចាប់តាំងពីឆ្នាំ២០០១។

ព្រះអង្គបង្កើតកម្មវិធីផ្សេងៗតាមបែបសាសនារួមមាន៖ ការរៀបចំពិធីបុណ្យទាន, ការបំបួសដើមឈើ ដើម្បីអប់រំនិងណែនាំប្រជាជន ក្នុងសហគមន៍អំពីសារសំខាន់នៃព្រៃឈើ។ សព្វថ្ងៃព្រះអង្គសង់ទីស្នាក់ការចំនួន៧កន្លែង សម្រាប់ឃ្លាំមើលព្រៃឈើ ដោយទីស្នាក់ការនីមួយៗ មានកម្លាំងយាមល្បាតចំនួន៣-៤នាក់រួមមានទាំងព្រះសង្ឃដែរ។

ទោះបីជាជួបបញ្ហាប្រឈមទាក់ទង នឹងការបំពេញការងារកន្លងមក ក៏ព្រះអង្គមិនដែលមានចិត្តរុញរា ឬចង់បញ្ឈប់សកម្មភាពរបស់ព្រះអង្គដែរព្រោះ ព្រះអង្គស្រឡាញ់ធម្មជាតិ និងចង់អភិរក្សតំបន់សហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ចម្រុះ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកពី គ្រប់ទីកន្លែងឲ្យចូលមកដើរកម្សាន្តនៅក្នុងព្រៃនេះ។

ជិត២០ឆ្នាំកន្លងមកនេះ ព្រះអង្គបានខិតខំអភិរក្សតំបន់សហគមន៍ព្រៃសង្ឃរុក្ខវ័ន្តនេះ ហើយជាលទ្ធផល សហគមន៍ព្រៃសង្ឃរុក្ខវ័ន្តក៏បានផ្តល់ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលពីអនុផលព្រៃឈើ ក្នុងតំបន់នេះចំនួន៩ភូមិ ស្មើនឹងជិតមួយរយគ្រួសារ។

ពិសេសតំបន់សហគមន៍ព្រៃសង្ឃរុក្ខវ័ន្តនេះ ក៏បានផ្តល់ជាទីជម្រកដល់សត្វព្រៃ ជាច្រើនសន្ធឹកសន្ធាប់ដែរ។ ព្រះអង្គសង្ឃឹមថា ប្រជាជនកម្ពុជានឹងមានការយល់ដឹងច្រើន ពីសារសំខាន់នៃព្រៃឈើព្រោះ ព្រៃឈើ និងមនុស្សត្រូវតែមានទំនាក់ទំនង និងអាស្រ័យផលគ្នាទៅវិញទៅមក។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នឹងត្រូវបានការពារ និងថែរក្សាដោយយកចិត្តទុកដាក់ ដើម្បីរក្សាទុកជាសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

កាលពីមុនព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក៏ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហមដែរ។ យោធាកម្មាភិបាលខ្មែរក្រហម និងប្រជាជនដែលរត់ភៀសខ្លួនពីការវាយប្រហារពី សំណាក់កងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅឆ្នាំ១៩៧៩ បានរត់មកប្រមូលផ្តុំគ្នា និងរស់នៅក្នុងព្រៃនេះ។

ខ្មែរក្រហមបានកេណ្ឌប្រជាជនរាប់ម៉ឺននាក់ ចូលមករស់នៅក្នុងព្រៃនេះ និងនៅលើជួរភ្នំដងរែក (លាតសន្ធឹងពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ)ឲ្យចូលជាយោធា ដើម្បីវាយប្រយុទ្ធតទល់នឹងរដ្ឋាភិបាល។
តំបន់នេះមានទីតាំងភូមិសាស្រ្តអំណោយផល សម្រាប់ក្រុមខ្មែរក្រហមលាក់ខ្លួន ព្រោះសម្បូរណ៍ដោយព្រៃឈើក្រាស់ៗ និងជួរភ្នំវែងអន្លាយ នៅអំឡុងពេលនោះខ្មែរក្រហមក៏បានកាប់ឈើពីក្នុងព្រៃនេះ ដើម្បីយកមកសាងសង់ផ្ទះសម្រាប់យោធាសង់មូលដ្ឋានទ័ព, ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ក្រោយមកយោធាខ្មែរក្រហមបានចាប់ផ្តើមកាប់ព្រៃឈើ កាន់តែច្រើនក្នុងគោលបំណងដោះដូរស្បៀង គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ជាមួយឈ្មួញថៃ ដែលបណ្តាលឲ្យព្រៃឈើជាច្រើន តាមព្រំដែនកម្ពុជា-ថៃរួមមាន៖ ស្រុកអន្លង់វែង, ស្រុកសំរោង និងស្រុកចុងកាល់ បាត់បង់ជាបន្តបន្ទាប់។

ក្រោយមកដោយសារតម្រូវការឈើ និងការជួញដូរឈើកាន់តែច្រើនឡើងធ្វើឲ្យព្រៃ ក្នុងតំបន់ព្រៃសហគមន៍នេះទទួលរងគ្រោះកាន់តែខ្លាំង តាមរយៈការកាប់រំលំ ទោះបីមានវិធានការការពារជាបន្តបន្ទាប់ពីអាជ្ញាធរ និងរដ្ឋាភិបាលក៏ដោយ។
ព្រៃឈើបានផ្តល់ផលប្រយោជន៍ជាច្រើនដល់មនុស្ស និងជម្រកសត្វព្រៃ។

ព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃ ការប្រែប្រួលអាកាសធាតុដូចជា៖ ទឹកជំនន់, ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃដែលទំនាក់ទំនង ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងសត្វ ដូច្នេះទាមទារឲ្យមានការចូលរួម, ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយវិចារណញ្ញាណ ដើម្បីធានានូវតុល្យភាពបរិស្ថាន ព្រមទាំងផ្តល់ឱកាសដល់កូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ពី ធនធានទាំងអស់នេះ។

ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមិនត្រឹមតែរក្សាលំនឹងបរិស្ថានធម្មជាតិ ដែលមានសម្រស់ស្រស់បំព្រងពណ៌បៃតង និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានផ្សារភ្ជាប់ទៅនឹងអំពើហិង្សា និងប្រវត្តិនៃការកាប់សម្លាប់ដ៏ឃោរឃៅរបស់ក្រុមខ្មែរក្រហម។

របបខ្មែរក្រហមមិនត្រឹមធ្វើឲ្យប៉ះពាល់ ទៅដល់មនុស្ស, ធម្មជាតិ និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងសាសនា ហើយដែលបន្តរហូតមកដល់សព្វថ្ងៃ។ ដូចគ្នានឹងយន្តការនៃការការពារ ការអភិរក្សព្រៃឈើ និងការបង្ហាញពីសារសំខាន់នៃ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមក៏យើងគួរត្រូវលើកយកពិភាក្សា និងរៀនសូត្រ។

ខ្សែភាពយន្តឯកសាររឿង «ឆ្មាំព្រៃ» និងប្លង់គោលស្រុកអន្លង់វែង នឹងជួយឲ្យខេត្តឧត្តរមានជ័យ ទទួលនូវការអភិវឌ្ឍន៍ និងការថែរក្សាប្រវត្តិសាស្រ្តព្រមជាមួយគ្នា៕