(ភ្នំពេញ)៖ នៅគ្រាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននិងកំពុងទទួលទាននំបញ្ចុក យ៉ាងច្រើនផុសផុល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ, នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook បានលើកឡើងថា ការហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរកាន់តែរឹងមាំ រួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែចម្រើនរុងរឿងថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកការហូបនំបញ្ចុកនៅថ្ងៃនេះ បង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នា ឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការ ដោយគ្មានការរើសអើងឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែចម្រើនរុងរឿង។ យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នា ឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការ ដោយគ្មានការរើសអើងឡើយ។ សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍»៕