(ក្រចេះ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសម្នាក់អាយុ ៧ខែ មានជំងឺគ្រុនឈាមបានស្លាប់ ដោយសារគ្រូពេទ្យព្យាបាលដែលមានយីហោឈ្មោះ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ម៉េង ដាលីន ដែលមានទីតាំង នៅភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មិនបញ្ជូនទៅព្យាបាលនៅភ្នំពេញទាន់ពេលវេលា ដោយក្មេងនោះបានស្លាប់នៅតាមផ្លូវ ពេលបញ្ជូនទៅព្យាបាល នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមការរៀបរាប់របស់សាច់ញាតិក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងនោះមានឈ្មោះ សេង សុបញ្ញាបុត្រ អាយុ៧ខែ មានឪពុក ឈ្មោះ សេង លីតា អាយុ២៩ឆ្នាំ ម្ដាយឈ្មោះ ទេព សុសវនា អាយុ២៤ឆ្នាំ រស់នៅភូមិក្រញ៉ូងទី៣ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល។ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ គាត់បានយកកូនទៅពិនិត្យព្យាបាលជំងឺ ជាមួយគ្រូពេទ្យ មុត លីម៉េង ហើយគ្រូពេទ្យប្រាប់ថា មានជំងឺគ្រុនឈាម ព្យាលបាលអស់រយៈពេលចំនួន ២ថ្ងៃ តែជំងឺមិនបានធូរស្បើយ ឪពុកម្ដាយក្មេងរងគ្រោះនោះ ក៏សុំគ្រូពេទ្យយកកូនទៅព្យាបាលនៅភ្នុំពេញ ហើយនៅពេលនោះលោកគ្រូពេទ្យ បានប្រាប់ពួកគាត់ថា មិនអីទេ ទុកតាមដានជំងឺរហូត ដល់ថ្ងៃ០៦ ទី០៧ថ្ងៃសិន។

លុះដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ជំងឺកូនរបស់គាត់កាន់តែធ្ងន់ឡើង ពេលនោះគ្រូពេទ្យប្រាប់ពួកគាត់ថា អស់លទ្ធភាពព្យាបាលក៏ជំរុញឲ្យគាត់យកកូនទៅព្យាបាល នៅភ្នំពេញនៅវេលាម៉ោង ២រសៀល តែទៅមិនទាន់ដល់គោលដៅក្មេងនោះបានស្លាប់ នៅវេលាម៉ោង៥ល្ងាច នៅចំណុចព្រែកអញ្ចាញ។ ឪពុកម្ដាយក៏យកសពកូនរបស់ខ្លួនមកផ្ទះវិញ។

លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រាប់ Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា លោកក៏បានទទួលដំណឹងនេះដែរ ហើយលោកបានបញ្ជាឲ្យមន្រ្តីរបស់លោក ចុះទៅពិនិត្យហើយតែមិនទាន់ត្រឡប់មកវិញ។ លោកបញ្ជាក់ទៀតថា បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ម៉េង ដាលីន នេះមានច្បាប់ តែអាជ្ញាប័ណ្ណហួសសុពុលភាព ហើយខាងមន្ទីររបស់លោកមិនទាន់បន្តអាជ្ញាប័ណ្ណឲ្យ ដោយសារបន្ទប់សម្រាកព្យាបាលនៅមានចំណុចខ្វះខាតខ្លះ។

ពាក់ព័ន្ធនឹងករណីនេះ Fresh News មិនទាន់បានសុំការបកស្រាយពីខាងគ្រូពេទ្យ នៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ម៉េង ដាលីន បាននៅឡើយទេ៕