(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ដែលបង្កឡើងដោយរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលឲ្យផ្ទុះឆេះរថយន្ដ ស្លាប់មនុស្ស១០នាក់ និងរបួស៥នាក់។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បណ្ដាលស្លាប់មនុស្ស១០នាក់ (ស្រី០២នាក់) មានស្រ្តិជនជាតិចិនម្នាក់, របួស០៥នាក់ (ស្រី០៣នាក់) និងខូចរថយន្ដ០៣គ្រឿងធ្ងន់ធ្ងរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដទី១៖ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-6503 អ្នកបើកបរឈ្មោះ ឈឿម សំអាន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន១០នាក់ទៀត ដោយក្នុងនោះស្លាប់៥នាក់ និងរបួស៥នាក់។

រថយន្ដទី២៖ ម៉ាក HIGHLANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំញ2L-0071 អ្នកបើកបរឈ្មោះ ចាន់ គឹមហឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃទា១ សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន០៤នាក់ ទី១៖ឈ្មោះ គឹម ឆាក ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់), ទី២៖ឈ្មោះ ហេង មករា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់), ទី៣៖ឈ្មោះ ភឿក ជ្រុញចាន់រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់) អ្នកទាំងបីជាមន្ដ្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងទី៤៖ មិនទាន់ស្គាល់អត្តសញ្ញាណ (ស្លាប់)។

ដោយឡែក រថយន្ដទី៣៖ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ3D-7107 មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ បានរត់គេចខ្លួនបាត់។

លោកស្នងការបានបញ្ជាក់ថា ចំពោះសព០៧នាក់ដែលស្គាល់ឈ្មោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសព០៣នាក់ ដែលពុំទាន់ស្គាល់អត្តសញ្ញាណ (សព០២ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងសព០១ទៀត ក្រុមគ្រួសារដឹកទៅខេត្តព្រះសីហនុ ដើម្បីធ្វើបុណ្យតាមប្រពៃណី)។ ករណីនេះកម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្តតាមនីតិវិធី៕