(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមហូបនំបញ្ចុកឱ្យបានច្រើនកុះករនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវតាម Facebook មួយថ្ងៃមុនព្រឹត្តិការណ៍ហូបនំបញ្ចុកថា «នៅថ្ងៃអាទិត្យ ទី៩ មិថុនា ស្អែកនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរឱ្យបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ដើម្បីជាយុទ្ធសាស្ត្រវាយបំបែកយុទ្ធសាស្ត្រច្រេះស៊ីដែករបស់ទណ្ឌិត សម រង្សុី តាមរយៈបំផុសឱ្យមានចលនាជួបជុំ «ហូបនំបញ្ចុក»នោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែមិថុនា ដើមសប្តាហ៍នេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារួមគ្នាហូបនំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយនោះទេ វាជារបស់ជាតិខ្មែរទាំងមូល។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា មានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយឱ្យសមាជិក សមាជិកាបក្សប្រជាជនហៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងឱ្យមកចូលរួមហូបនំបញ្ចុកជាមួយគ្នា ឬក៏អាចទៅហូបជាមួយអ្នកគាំទ្រអតីតប្រឆាំងវិញផងដែរ បើគេហៅ។

សម្តេចតេជោ បានចាត់ទុកការហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ជាចលនាគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារអង្ករខ្មែរ និងបន្លែបង្ការផ្សេងៗដែលយកមកធ្វើល្បោយនំបញ្ចុកផងដែរ។

ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានឃើញមានចលនាគាំទ្រនំបញ្ចុកមានសកម្មភាពផុលផុសឡើង។ ការលក់នំបញ្ចុកក៏ដាច់ជាសព្វមួយដងផងដែរ។

មកដល់ថ្ងៃសៅរ៍ ទី០៨ ខែមិថុនា នេះ គេសង្កេតឃើញថា មានសកម្មភាពនៃការជួបជុំហូបនំបញ្ចុកបណ្តើរៗហើយមានទាំងខាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាផងដែរ។ នៅថ្ងៃអាទិត្យ ស្អែកនេះ គេរំពឹងថា នឹងមានមនុស្សរាប់លាននាក់ចូលរួមហូបនំបញ្ចុក ហើយនំបញ្ចុករាប់តោនត្រូវបានរំពឹងថា លក់ចេញនៅថ្ងៃស្អែកនេះផងដែរ៕