(កំពង់ធំ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារស្នាក់នៅចំនួន១០ខ្នង ដែលជាអំណោយរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសាងសង់ជូនដល់ផ្នែកសឹករង ស្រុកក្រុងទាំង៨ និងវរសេនាតូចទាំង២ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ពិធីសម្ពោធអគារដែលបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងអ្នកមុខអ្នកការប្រតិភូមិអមដំណើរគណៈអធិបតី ដែលមានមន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តចូលរួម កងកម្លាំងទាំង៣ប្រភេទ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ និងគ្រួសារយោធិន សរុបប្រមាណជាង ១,០០០នាក់ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងថា សមិទ្ធិផលមួយចំនួនធំ ដែលជាអំណោយភាគីមិត្តវៀតណាម និងជាកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីអន្តរជាតិ ដែលបានបញ្ជាក់ពីសកម្មភាពរបស់ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានអភិវឌ្ឍន៍ខ្លួនឲ្យមានភាពរីកចម្រើន និងបានធ្វើសមាហរណកម្ម ចូលក្នុងកំណែទម្រងវិស័យការពារជាតិ បំពេញភារកិច្ចតាមការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងការចូលរួមណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចសហការល្អជាមួយភាគគីមិត្តទីក្រុងហូជីមិញ ក្នុងគោលដៅពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការជិស្និទ្ធប្រទេស ជិតខាងជាបងប្អូន ដើម្បីផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកស្របតាមលក្ខណ្ឌច្បាប់នៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងស្មារតីជួយគ្នាទៅវិញទៅមក រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ក្នុងរយៈកាលកម្លងមក លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការល្អនេះ បានរួមចំណែកដ៏សំខាន់ក្នុងការទំនាក់ទំនង ចំណងមិត្តភាព ប្រពៃណីនៃកងទ័ព និងប្រជាជនទាំងពីរ ឲ្យកាន់តែស្និទ្ធរឹងមាំ និងប្រកបទៅដោយការ យោគយល់គ្នា និងការជឿទុកចិត្តគ្នា ធានាបាននូវតំបន់ព្រំដែនជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ទប់ស្កាត់បាននូវបទល្មើសឆ្លងដែនគ្រប់ប្រភទ និងបង្ករលក្ខណៈងាយស្រួល ដល់ប្រជាជនសុខសាន្តទាំងពីរ។

លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនានា នាយទាហាន នាយទាហាបរង នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ដូចជានៅទូទាំងយោធភូមិភាគទី៤ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការធានានូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ព្រមទាំងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍ជាតិ។ លោកក៏ថ្លែងអំណរគុណអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងអរគុណអតីតយុទ្ធជន គ្រួសារយោធិនពលី ដែលចូលរួមបុព្វហេតុរំដោះជាតិ៕