(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់នៅក្រសួងមហាផ្ទៃ ត្រូវបានម្ចាស់យានដ្ឋានជួសជុលរថយន្ដមួយកន្លែង នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដោយសារតែមន្ដ្រីនគរបាលរូបនេះ នៅជំពាក់លុយគាត់ជាង ១,០០០ដុល្លារទៀត អត់ព្រមសងរឿងជួសជុល ២គ្រឿង។

យោងតាមពាក្យបណ្ដឹងរបស់លោក ស ឡៃ ជាម្ចាស់យានដ្ឋានជួសជុលរថយន្ដ ដែលបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងទំពុន បានបញ្ជាក់ថា ឈ្មោះ សុខ បូរ អាយុ៤៧ឆ្នាំ ដែលគាត់អះអាងថា ជាមន្ដ្រីនគរបាលនៅក្រសួងមហាផ្ទៃ បានយករថយន្ដ ២គ្រឿង ទៅជួសជុលនៅយានដ្ឋានរបស់លោក ហើយនៅខ្វះលុយចំនួន ១,១៥០ដុល្លារទៀត មិនព្រមសង និងគេចវេសរហូត។

តាមដំណើររឿងលោក ស ឡៃ បានរៀបរាប់ថា កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨កន្លងទៅ លោក សុខ បូរ បានយករថយន្ដ Camry 2003 និងម៉ាក Lexus RX400h ដែលរងការខូចខាតដោយប៉ះពៀរគ្នាយកមកជួសជុល អស់តម្លៃ៣,០៥០ដុល្លារ ប៉ុន្ដែលោក សុខ បូរ សងបានត្រឹម១,៩០០ដុល្លារ នៅខ្វះ១,១៥០ដុល្លារទៀត មិនព្រមសង និងគេចវេសរហូត បើទោះបីរូបគាត់បានព្យាយាមតេទៅជាច្រើនដងក៏ដោយនោះ។

ចំពោះពាក្យបណ្ដឹងនេះ អង្គភាពព័ត៌មាន Fresh News បានព្យាយាមទាក់ទងទៅឈ្មោះ សុខ បូរ តាមរយៈលេខទូរស័ព្ទ៣ខ្សែ ហើយខ្សែទី៣ ត្រូវបានបុរសម្នាក់ទទួល និងប្រាប់ថា ជាកូនចៅរបស់លោក សុខ បូរ និងថា លោក សុខ បូរ ទៅខេត្តបាត់ហើយ។

សម្រាប់ឈ្មោះ សុខ បូ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់ថា តើបម្រើការងារនៅអង្គភាពណានោះទេ ក្នុងក្រសួងមហាផ្ទៃ?៕