(កណ្ដាល)៖ លោកវរសេនីយ៍ទោ អាំ ធូ ត្រូវបានប្រកាសតែងតាំងមុខតំណែង ជាអធិការនគរបាលស្រុកលើកដែក ជំនួសលោកវរសេនីយ៍ឯក រស់ ចន្ថា ដែលត្រូវបានផ្ទេរទៅកាន់តំណែងជាអធិការស្រុកស្អាង ជំនួសលោកវរសេនីយ៍ឯក សេង សុជាតិ ដែលត្រូវបានផ្ទេរឲ្យទៅបម្រើការងារ នៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការនគរបាលស្រុកលើកដែក ត្រូវបានធ្វើនៅសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមវត្តមាន លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ក្រោយទទួលបានបទបញ្ជារបស់នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក និងលោក លី សុខា ប្រធានក្រុមប្រឹក្សាស្រុកលើកដែក។

បន្ទាប់ពីស្ដាប់លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្រ្ដីនគរបាលជាតិរួចមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានប្រគល់ត្រាជូន លោកវរសេនីយ៍ទោ អាំ ធូ ដែលត្រូវតែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកដែក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បាននាំយកថវិការបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៥,០០០ដុល្លារ ដើម្បីបង្ហើយអាគារ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ងាយស្រួលដល់កងកម្លាំងក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។ ដោយឡែកលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ក្នុងនាមលោកជា គណៈបញ្ជាការឯកភាពស្រុក ក៏បានជួយជាថវិកាចំនួន៥,០០០ដុល្លារផងដែរ៕