(ភ្នំពេញ)៖ គណបក្សនយោបាយមួយចំនួន ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ អះអាងថា លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០១៩នេះ អាចទទួលយកបាន ទោះបីជាពួកគេមិនទទួលបានអាសនៈណាមួយក៏ដោយ ប៉ុន្តែខ្លួនបែរជាទទួលបានសំឡេងគាំទ្រ ហួសពីការស្មាន ហើយលើសចំនួនអង្គបោះឆ្នោតដែលខ្លួនមាន។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងការបោះឆ្នោតលើកនេះ គណបក្សរបស់លោកទទួលបានសំឡេងគាំទ្រចំនួន១១ ដែលលើសអង្គបោះឆ្នោតដែលខ្លួនមានចំនួន ៨សំឡេង (មានតែ៣សម្លេង) ប៉ុន្តែមិនបានទទួលអាសនៈនោះទេ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះមិនមែនសំឡេងតិចទេ គឺជាសំឡេងច្រើនលើសលុបហើយ ពីព្រោះថាគណបក្សយុវជនកម្ពុជា មានអង្គបោះឆ្នោតតែ៣សំឡេងទេ ឥឡូវយើងទទួលបាន១១សំឡេង មានន័យថា លើសអង្គបោះឆ្នោតរបស់ខ្លួន ៨សំឡេង ពីព្រោះអង្គបោះឆ្នោតទាំងអស់ សុទ្ធតែជាមន្រ្តីគណបក្ស ពោលគឺជាប់ឆ្នោតតាមរយៈកូតាបក្ស អញ្ចឹងភាគច្រើនគេមិនបោះឆ្នោតឱ្យបក្សដទៃទេ គេបោះឱ្យបក្សរបស់គេហើយ»

ចំណែក លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលគ្មានអង្គបោះឆ្នោតសោះ បានទទួលសំឡេងគាំទ្រចំនួន២សំឡេងផងដែរ។ លោកចាត់ទុកថា ការទទួលបានសំឡេង តែមិនបានអាសនៈនេះ គឺជាបទពិសោធ។ លោកកោតសរសើរ គ.ជ.ប ដែលបានរៀបចំការបោះឆ្នោតនេះ ស្របតាមច្បាប់យ៉ាងល្អត្រឹមត្រូវ។

លោកអះអាងថា៖ «គណបក្ស ឆន្ទៈខ្មែរ មិនមានការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការបោះឆ្នោតនេះទេ ព្រោះយើងមិនបានរំពឹងថា នឹងទទួលអាសនៈនោះទេ ដោយសារពុំមានអង្គបោះឆ្នោត។ ការចូលរួមរបស់គណបក្ស ឆន្ទៈខ្មែរ គឺដើម្បីបង្ហាញខ្លួនដល់សាធារណជន និងតេស្តសមត្ថភាពរចនាសម្ព័ន្ធថ្នាក់ខេត្ត-ស្រុករបស់ខ្លួន តែប៉ុណ្ណោះ។ ទោះយ៉ាងណា សូមកោតសរសើរ គជប ដែលបានបំពេញការងារខ្លួនស្របតាមនីតិវិធី និងច្បាប់យ៉ាងល្អ។ បើទោះជាគ្មានអង្គបោះឆ្នោតសោះ គណបក្សក៏បានទទួល ០២សំឡេង។ មួយនៅភ្នំពេញមួយនៅព្រៃវែង ដែលនេះជាសញ្ញាណវិជ្ជមានមួយ សម្រាប់គណបក្សក្នុងមណ្ឌលទាំងពីរនេះ»។

លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលប្រកាសនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលុប ហើយបន្តពីក្រោយគណបក្សនេះ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

សម្រាប់អាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប ៥៥៩អាសនៈ។ ចំណែកឯនៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ គណបក្សប្រជាជនកម្ពុជា បានអាសនៈសរុប ៣៤៨៤អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។

ភ្លាមៗបន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេង និងអាសនៈនាំមុខគេ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

សេចក្ដីថ្លែងការណ៍ខាងលើ បានបញ្ជាក់ទៀតថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រប់រូបដែលជាអង្គបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនានា ដោយភាពឯករាជ្យ និងការទទួលខុសត្រូវខ្ពស់ ក្នុងបរិយាកាសនយោបាយអព្យាក្រឹត និងសុវត្ថិភាព។ នេះជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តដំណើរទៅមុខឥតងាករេ នៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យសេរី ពហុបក្ស និងអភិវឌ្ឍន៍។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិអាណត្តិទី៣ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។

អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់៕