(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាដល់សមត្ថកិច្ចនៅតាមដងផ្លូវ ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ ពេលត្រួតពិនិត្យឃើញមាន ការដឹកជញ្ជូនធនធានធម្មជាតិ ដោយគ្មានច្បាប់អនុញ្ញាត គឺត្រូវចាប់ឃាត់ទុកភ្លាមៗ ដោយគ្មានការលើកលែងឡើយ។

ការដាក់បទបញ្ជាបែបនេះ​ ធ្វើឡើងក្នុងឱកាសដែលលោក អ៊ុន ចាន់ដា អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉ន មុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវៈ កងរាជអាវុធហត្ថ ដល់នាយ-នាយរងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ដោយមានការចូលរួម ពីលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

លោក អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាបង្រ្កាបបទល្មើលធនធានធម្មជាតិ គឺយើងបានធ្វើច្រើនហើយ ប៉ុន្តែក្រុមឈ្មួញនៅតែមានកលល្បិច ក្នុងការដឹកជញ្ជូនដោយខុសច្បាប់ជាប្រចាំ។ ទន្ទឹមនឹងនោះ លោកបានដាក់បទបញ្ជា ដល់គោលដៅត្រួតពិនិត្យទាំង៥កន្លែង នៅតាមផ្លូវជាតិ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើឈរជើង ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ បើត្រួតពិនិត្យឃើញថា មានការដឹកជញ្ជូន ធនធានធម្មជាតិដោយខុសច្បាប់ គឺត្រូវឃាត់ទុកភ្លាម ហើយចងក្រងតាមនិតិវិធីបញ្ជូនទៅតុលាការ អត់មានឲ្យអន្តរាគមន៍ណាមួយទេ ហើយកម្លាំងនេះ មិនមែនដាក់ឲ្យតែល្អមើលទេ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺរយៈពេល៣ខែ បើទោះបីជាការដឹកជញ្ជូនដោយខុសច្បាប់ មានការស្ងប់ស្ងាត់ ក៏ដោយគឺអត់ដកទេ បើសិនថាអស់ហើយ យើងអាចប្រគល់ ឲ្យគណៈបញ្ជាការឯកភាពស្រុកទទួលខុសត្រូវ បើសិនរឿងនេះ ងើបឡើងវិញត្រូវដាក់កម្លាំងនេះតទៅទៀត។ លោកបន្តថា ស្របពេលដែលជំនាញកំពុងធ្វើការ អាវុធហត្ថរបស់យើងត្រូវត្រៀម នៅពេលមានការសុំអន្តរាគមន៍ណាមួយ ដើម្បីប្រដេញនៅពេលជនល្មើសបើកគេច។

ពាក់ព័ន្ធនឹងការហ្វឹកហ្វឺន របស់កងកម្លាំងប្រដាប់អាវុធ លោកអភិបាលខេត្តព្រះវិហារថា ទោះបីជាប្រទេសយើងមានសុខសន្តិភាព មិនមានវិវាទជាមួយប្រទេសជិតខាង ឫក៏មិនមានបញ្ហាសង្រ្គាមស៊ីវិលយ៉ាងក៏ដោយ ប៉ុន្តែក្នុងជាកងកម្លាំង របស់រាជរដ្ឋាភិបាលគឺត្រូវតែបន្តយកចិត្តទុកដាក់ និងការហ្វឹកហ្វឺននៅជំនាញផ្សេងៗគ្នា ពីព្រោះការហ្វឹកហ្វឺននេះ គឺជារឿងចាំបាច់ក្នុងនាមជាកងកម្លាំង ហើយជំនាញនីមួយៗ គឺវាខុសគ្នា។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បាន​ណែនាំដល់មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ ត្រូវផ្តោតសំខាន់ទៅលើវិន័យរបស់អង្គភាព គឺធ្វើយ៉ាងណារក្សាបាននូវតម្លៃ និងភាពថ្លៃថ្នូរ នៃកងយោធពលខេមរៈភូមិន្ទ នៃកងរាជអាវុធហត្ថ​។ ត្រូវតែបន្តកម្លាំង​នេះ ជាកម្លាំងអន្ដរាគមន៍ និងជាកម្លាំងពិត ដែលត្រូវការថ្មើរណា គឺបានថ្មើរនឹង ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះបទល្មើសខ្លះ វាមិនប្រាប់ឲ្យ​ដឹងមុននោះទេ គឺកើតឡើងភ្លាមៗ ចឹងត្រូវតែមានកម្លាំងប្រចាំការ ដើម្បីអន្តរាគមន៍ និងត្រូវការពារឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕