(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានរៀបចំពិធីអបអរសាទរ ដែលលោកទទួលបានការតែងតាំងជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រតិបត្តិការឥស្លាម Organization of Islamic Cooperation ហៅកាត់ថា OIC។

ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគាសាន់វេ រាជធានីភ្នំពេញ ដែលមានការចូលរួមពីអង្គទូត នៃបណ្តាប្រទេសសមាជិកអង្គការ OIC រួមមាន ប្រទេសប៉ាគីស្ថាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី តួរគី ភារធារីស្ថានទូតគុយវ៉ែត តំណាងពីស្ថានទូតព្រុយណេ និងថ្នាក់ដឹកនាំសមាជិក ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា នៃបណ្តាក្រសួងនានាជាច្រើនកុះករ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក អាំហ្ជាត់ អាលី ហ្សរ ( Amjad Ali sher) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រ និងកោតសរសើរចំពោះ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតទំនាក់ទំនងជាពិសេសជាមួយអង្គការ OIC ដោយបានតែងតាំងលោក អូស្មាន ហាស្សាន់ ជាបេសកជនពិសេស តំណាងឲ្យកម្ពុជា ប្រចាំនៅអង្គការនេះ។

សហគមន៍ខ្មែរឥស្លាមកម្ពុជា ជាង៨០ម៉ឺននាក់ ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលត្រូវបានផ្តល់ឱកាសយ៉ាងធំធេង ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍ និងរក្សារសុខសន្តិភាពនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតបានបន្តថា កម្ពុជាគឺជាប្រទេសគំរូមួយសម្រាប់ប្រទេសដ៏ទៃទៀត នៅក្នុងតំបន់ ក្នុងការអនុវត្តតាម ក្នុងបរិបទសុខដុមរមនាអន្តរជំនឿ ប្រកបដោយសុខសន្តិភាពនៅក្នុងចំណោមសហគមន៍មុស្លិម និងមិនមែនមុស្លិម។

នៅក្នុងឱកាសដ៏សែនរីករាយនេះដែរ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា លោកពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្ពុជាបានចូលជាបេសកជនពិសេសប្រចាំនៅអង្គការ OIC ដែលមានរដ្ឋជាសមាជិកចំនួន៥៧ប្រទេស តំណាងឲ្យប្រជាជន១/៥ នៅលើសកលលោក ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ UN។

អង្គការនេះ មានប្រទេស-អង្គការ ជាអ្នកសង្កេតការណ៍ចំនួន១២ ( Bosnia and Herzegovina, Central African Republic, Kingdom of Thailand, The Russian Federation, Turkish Cypriot State, រណសិរ្សរំដោះជាតិម៉ូរ៉ូ MNLF, សហភាពសភានៃរដ្ឋជាសមាជិក OIC -PUOICM, អង្គការសហប្រជាជាតិ UN, ចលនាមិនចូលបក្សសម្ព័ន្ធ NAM, សម្ព័ន្ធរដ្ឋអារ៉ាប់ LAS, សហភាពអាហ្វ្រិក AU, និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO)។ ជាមួយគ្នានេះដែរ ក៏មានបេសកជនពិសេសជាតំណាងប្រទេស ចំនួន១០ (USA, French, Canada, UK, Sweden, Italy, Germany, Greece,Australia និង Netherlands)។

កន្លងទៅនេះ កម្ពុជាបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកអ្នកសង្កេតការណ៍ ដែលបានប្រជុំនៅប្រទេសកូវ៉ែត មានប្រទេសចំនួន ៥៦បានគាំទ្រ នៅតែមួយប្រទេសប៉ុណ្ណោះ ដែលកម្ពុជាយើងកំពុងបន្តនូវកិច្ចការនេះ រួមទាំងអគ្គលេខាធិការអង្គការ OIC ផងដែរ។

លោកទេសរដ្ឋមន្ដ្រី បានបន្តទៀតថា ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំនៅអង្គការ OIC លោកមានការរំពឹងទុកយ៉ាងកក់ក្តៅ ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងធ្វើឲ្យកម្ពុជា អភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ សម្តេចបានធ្វើឲ្យកម្ពុជា មានសុខដុមបនីយកម្មសាសនា និងជាតិសាសន៍ និងមានគោលនយោបាយដ៏ល្អប្រពៃ សម្រាប់គ្រប់ជាតិសាសន៍ រួមរស់នៅជាមួយគ្នា យ៉ាងសុខដុមរមនា។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៦ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នៅចំពោះមុខភ្ញៀវកិត្តិយសជាតិ បងប្អូនសាសនិកឥស្លាមជាង៤,៧៥០នាក់ រួមជាមួយភ្ញៀវអន្តរជាតិ ៣៦ជាតិសាសន៍ ព្រមទាំងមានវត្តមានតំណាងរបស់ លោកអគ្គលេខាធិការ OIC ផងដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតែងតាំង លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសតំណាងកម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC៕