(ភ្នំពេញ)៖ យុវសិស្សកម្ពុជា១រូប ឈ្មោះ នូ ច័ន្ទយុទ្ធា ដែលបានបញ្ចប់ការសិក្សាថា្នក់ទី១២ ដោយជោគជ័យនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលអាមេរិក ទៅសិក្សានៅសាលាបណ្ឌិត សភាយោធាសហរដ្ឋអាមេរិក រយៈពេល៤ឆ្នាំ លើមុខជំនាញវិស្វកម្មយន្តហោះ ក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ។

បើយោងតាម Facebok page ផ្លូវការរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានចុះផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានសរសេរថា «ម្សិលមិញ មានពិធីជូនដំណើរសិស្ស សាលាបណ្ឌិតសភាយោធា ឈ្មោះ នូ ច័ន្ទយុទ្ធា ដែលត្រូវធ្វើដំណើរទៅចូលរៀន នៅបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក នៅខែក្រោយ»

ស្ថានទូតអាមេរិក បានបន្ថែមទៀតថា ការិយាល័យសហប្រតិបត្តិការយោធា ក្នុងស្ថានទូតអាមេរិកនៅកម្ពុជា មានសេចក្តីរីករាយ សូមអញ្ជើញយុវជនកម្ពុជា ចូលរួមប្រលងដើម្បីចូលរៀន នៅសាលាបណ្ឌិត សភាយោធាសហរដ្ឋអាមេរិក សំរាប់ថ្នាក់ជំនាន់ឆ្នាំ២០២៤ ចំពោះសិស្សដែលចូលបណ្ឌិតសភា នៅខែកក្កដា ឆ្នាំ២០២០។

ជាក់ស្ដែង នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំពិធីសំណេះសំណាលជាមួយ យុវសិស្ស នូ ច័ន្ទយុទ្ធា ដែលជាអតីតសិស្ស បានបញ្ចប់ការសិក្សាថា្នក់ទី១២ នៅសាលា និងចូលរួមអបអរសាទរ ដែលទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលអាមេរិក ទៅសិក្សានៅសាលាបណ្ឌិត សភាទ័ពអាកាសសហរដ្ឋអាមេរិក។

យុវសិស្ស យុទ្ធា បាននិយាយដោយក្តីរំភើបថា «ការទទួលបានអាហារូបករណ៍មួយនេះ ចំពោះខ្ញុំមានតម្លៃណាស់ ពីព្រោះវាជាលទ្ធផលខ្ញុំ បានតស៊ូអស់ជាង៩ខែ។ ដោយមានភាពតឹងតែង នៅក្នុងការជ្រើសរើសបេក្ខជន អាហារូបករណ៍មួយនេះ ទាមទារឲ្យខ្ញុំមានឆន្ទៈមុតមាំ។ គ្រួសារខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំង ពីព្រោះពួក គាត់បានយល់ពីតម្លៃអាហារូបករណ៍មួយនេះចំពោះខ្ញុំ»

យុទ្ធា បានបន្ដថា «ពួកគាត់មានទស្សនៈវិជ្ជាមួយថា ភាពជោគជ័យផ្តើមចេញពីការបរាជ័យ កំណែរទម្រង់ និងការតស៊ូធ្វើអ្វីមួយ ឲ្យដល់គោលដៅ។ ដោយឡែកកម្មវិធីសិក្សា ដែលខ្ញុំបានរៀនសូត្រ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាស្របជាមួយលក្ខខណ្ឌ និងតម្រូវការនានា របស់កម្មវិធីអាហារូបករណ៍ ដែលបានធ្វើឲ្យខ្ញុំក្លាយជាបេក្ខជន ដែលមានភាពលេចធ្លោជាងគេ»

ក្នុងនោះ មានដូចជាពិន្ទុភាសាអង់គ្លេស តេស្តគណិតវិទ្យា ជាភាសាអង់គ្លេស ជាពិសេសមុខវិជ្ជា ត្រៀមមហាវិទ្យាល័យ (Advanced Placement Course) ដែលសាលាអន្តរជាតិ ស៊ី អាយ អេហ្វឺសត៍ បានផ្តល់ជូនក្នុង កម្មវិធីសិក្សារបស់សាលា។ ប៉ុន្តែពិន្ទុគ្រាន់តែជាកត្តាមួយ ក្នុងចំណោមកត្តាជាច្រើន ក្នុងការប្រឡងប្រជែងយកអាហារូបករណ៍មួយនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់ នូ ច័ន្ទយុទ្ធា។

បេក្ខជន ដែលត្រូវបានស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ឧទ្ទេសនាម អាចដាក់ពាក្យបន្ត ទៅសាលាបណ្ឌិតសភាយោធាអាមេរិក តម្រូវឲ្យមានលទ្ធផលតេស្តស្តង់ដារល្អ (SAT Score Report)៖
* លិខិតបញ្ជាក់ពីលទ្ធផល ពិនិត្យសុខភាព
* លិខិតបញ្ជាក់ពីការគ្មានការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង,
* កំណត់ត្រាស្តីពីសកម្មភាពរបស់បេក្ខជន ដែលចេញដោយស្ថានទូតអាមេរិក
* ជីវប្រវត្តិ
* ព្រឹត្តិបត្រពិន្ទុ កម្រិតវិទ្យាល័យ
* លទ្ធផលធ្វើតេស្តកាយសម្បទា
* ការវាយតម្លៃតាមស្តង់ដារ នាយទាហានអាមេរិក ដែលចេញដោយស្ថានទូត លិខិតឧទ្ទេសនាម លិខិតបញ្ជាក់ពីលទ្ធផល នៃការពិនិត្យមើលការចាក់សាក់ លើរាងកាយ ព្រមទាំងបានសិក្សាមុខវិជ្ជាត្រៀមមហាវិទ្យាល័យ (AP Course) យ៉ាងតិចណាស់ចំនួន៤ក្រេឌីត។

លោកឧកញ៉ា បណ្ឌិត ត្រាំង លី ដែលជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងថា «ខ្ញុំព្រមទាំងថ្នាក់ដឹកនាំ សាលាគ្រប់ជាន់ថ្នាក់ ពិតជាមានមោទនភាព ចំពោះយុទ្ធា ហើយការសម្រេចបាន នេះគឺជាមោទនភាពសម្រាប់បេក្ខជនផ្ទាល់ គ្រួសារ សហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងប្រទេសកម្ពុជាទាំងមូល»។

លោកឧកញ៉ា បន្ដថា ដោយហេតុថា ការប្រកួតប្រជែង ដើម្បីទទួលបានអាហារូបករណ៍នេះ ជាការប្រកួតប្រជែងជាលក្ខណៈជាតិផង និងអន្តរជាតិផង ដែលនៅក្នុងនោះ សមត្ថភាពបេក្ខជនកម្ពុជា ត្រូវបានយកទៅផ្ទៀងផ្ទាត់ ប្រៀបធៀបជាមួយនឹងបេក្ខជន មកពីបណ្តា ប្រទេសផ្សេងទៀត មុននឹងគណៈកម្មការអាហារូបករណ៍ សម្រេចផ្តល់ជូនបេក្ខជនណា ម្នាក់។

ម្យ៉ាងវិញទៀតវា ក៏ជាការឆ្លុះបញ្ចាំង ឲ្យឃើញពីភាពខ្លាំង នៃគុណភាពអប់រំ និងកម្មវិធីសិក្សារបស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ដោយគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC (Western Association of Schools and Colleges)។

លោក ក៏បានគូសបញ្ជាក់ថា សាលានឹងបន្តចូលរួមអភិវឌ្ឍ លើកស្ទួយគុណភាពអប់រំ ក្នុងប្រទេសកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យធនធាន មនុស្សនៅកម្ពុជា មានសមត្ថភាពប្រកួតប្រជែង លើឆាកអន្តជាតិ។

សូមជម្រាបថា ក្រោយពីបញ្ចប់ការសិក្សា រយៈពេលបួនឆ្នាំ នៅសហរដ្ឋអាមេរិក យុវសិស្ស នូ ច័ន្ទយុទ្ធា នឹងត្រឡប់មកប្រទេសកម្ពុជា ដើម្បីបម្រើក្នុងជួរ កងយោធពលខេមរភូមិន្ទ នៃ កម្ពុជា៕