(ព្រះសីហនុ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាលាខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យគុណភាពទំនិញ និងគ្រឿងឧបភោគបរិភោគនៅតាមទីផ្សារនានា ក្នុងក្រុងព្រះសីហនុ ដើម្បីថែរក្សាសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុ។ 

មន្ត្រីសាខាកាំកុងត្រូលខេត្ដព្រះសីហនុ លោក គឹម បារាំង បានឱ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ថានេះ លោកបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងផ្សព្វផ្សាយអប់រំដល់អាជីវករ លក់ដូទំនិញនៅតាមផ្សារមួយចំនួនក្នុងក្រុងព្រះសីហនុ ត្រួតពិនិត្យគុណភាពទំនិញ, ត្រួតពិនិត្យកាលបរិច្ឆេទនៃការប្រើប្រាស់ ឬអាយុកាលទំនិញ និងធ្វើពិសោធន៍បឋមរកសារធាតុគីមីលើចំណីអាហារ និងគ្រឿងហូបចុកទាំងនោះ។

លោក គឹម បារាំង បញ្ជាក់ថា គោលបំណងរបស់មន្ត្រីជំនាញកាំកុងត្រូល ដែលចុះពិនិត្យចំណីអាហារជាប្រចាំមកនេះ ដើម្បីរួមចំណែកជួយការពារសុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោក គឹម បារាំង បញ្ជាក់ថា សម្រាប់ថ្ងៃទី៧ ខែមិថុនានេះ សកម្មភាពរបស់មន្ត្រីកាំកុងត្រូលនាខេត្តព្រះសីហនុ បានបានធ្វើសកម្មភាពជាពិសេសពិនិត្យ និងណែនាំដល់អ្នកធ្វើ និងលក់នំបញ្ចុកកុំឱ្យប្រើសារធាតុគីមីនាំប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ បានជំរុញឲ្យមន្ត្រីជំនាញកាំកុងត្រូល បន្តចុះពិនិត្យចំណីអាហារ ជាពិសេសទីកន្លែងមានលក់ និងបោះដុំបោះរាយនំបញ្ចុក នៅតាមផ្សារលើ និងផ្សារពាណិជ្ជកម្ម ព្រមទាំងតាមផ្ទះជាដើម ដើម្បីធ្វើពិសោធន៍បឋម ឬតេស្ដបឋម ស្វែងរកសារធាតុគីមី ដែលអាចមានដាក់លាយនៅក្នុងនំបញ្ចុក និងបន្លែគ្រឿងផ្សំទាំងនៅក្នុងផ្សារ នៅកន្លែងបោះដុំ និងកន្លែងលក់រាយនំបញ្ចុកប្រយោជន៍ដើម្បីឲ្យប្រាកដថា ចំណីអាហារទាំងនោះគ្មានលាយសារធាតុគីមី។

មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បន្តទៀតថា ទោះបីថ្ងៃនេះមន្ត្រីជំនាញមិនបានរកឃើញសារធាតុគីមីនៅលើទំនិញ ចំណីអាហារហូបចុក។ ជាពិសេសនំបញ្ចុក និងបន្លែគ្រឿងផ្សំផ្សេងៗបែបណាក្តី ក៏ប៉ុន្ដែមន្ត្រីជំនាញនៅតែបន្ដសកម្មភាពចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ ជូនដល់អាជីវករ និងធ្វើការអំពាវនាវដល់សាធារណជនឲ្យរួមគ្នាទប់ស្កាត់ប្រឆាំង និងការប្រើប្រាស់សារធាតុគីមីទៅលើគ្រឿងហូបចុក ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឬសុខភាពមនុស្ស។

លោក គឹម បារាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុទាំងអស់ ប្រសិនបើសង្ស័យថា ទីតាំងណាមួយមានដាក់លក់ទំនិញមានសាធាតុគីមី ឬលើសកាលបរិច្ឆេទប្រើប្រាស់ សូមជួយទាក់ទងមកមន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ ឲ្យបានឆាប់ ដើម្បីមានវិធានការបន្ត។

ចំណែកក្រុមអាជីវករលក់ដូរចំណីអាហារ និងទំនិញមួយចំនួននៅក្នុងផ្សារលើ និងផ្សារពាណិជ្ជកម្ម នាក្រុងព្រះសីហនុ បានអះអាងថា ពួកគាត់មានការយល់ដឹងច្រើន អំពីសុវត្ថិភាពចំណីអាហារ ព្រោះត្រូវបានក្រុមការងារមន្ត្រីសាខាកាំកុងត្រូលខេត្ដព្រះសីហនុ បានចុះមកផ្សព្វផ្សាយណែនាំអប់រំ ពីសុវត្ថិភាពចំណីអាហារ នៅតាមផ្សារ និងតាមស្តង់លក់ដូរ របស់ពួកគាត់ជាញឹកញាប់ ឬស្ទើររជារៀងរាល់សប្តាហ៍។

ក្រុមអាជីវករផ្សារពាណិជ្ជកម្ម និងផ្សារលើ បង្ហាញទឹកចិត្តគាំទ្រ និងស្នើឲ្យមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ឲ្យបន្តសកម្មភាពចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនេះ ឲ្យបានជាប្រចាំ ដើម្បីសុខភាពអ្នកប្រើប្រាស់ ឲ្យមានសុខភាពល្អទាំងអស់គ្នា។ ពោលគឺពេលទទួលទានចំណីអាហារ មិនបារម្ភថា មានលាយសារធាតុគីមី នាថ្ងៃអនាគត។

ទាក់ទិនបញ្ហានេះ យោងតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពួកទី៥ មាត្រា៦៤ ចែងថា រដ្ឋហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណា ដែលនាំចូល, ផលិត, លក់ដូរគ្រឿងញៀន, ទំនិញក្លែងក្លាយ និងទំនិញហួសរយៈពេលប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតមនុស្ស ឬអ្នកប្រើប្រាស់៕