(ត្បូងឃ្មុំ)៖ ដើម្បីធានាគុណភាពនំបញ្ចុកឆ្ងាញ់ និងគ្មានសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកទទួលទាននោះ មន្រ្តីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល និងមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត នាថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យផលិតផល ម្ហូបអាហារនំបញ្ចុក គ្រឿងសម្ល និងបន្លែល្បោយ ដែលដាក់តាំងលក់នៅផ្សារនានា ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សកម្មភាពដែលមានការត្រួតពិនិត្យនំបញ្ចុកបែបនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យមហាគ្រួសារខ្មែរក្នុង និងក្រៅប្រទេសទាំងអស់ ចូលរួមហូបនំបញ្ចុកសន្តិភាពទាំងអស់គ្នា ពិសេសក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

លោក មាស មោរ៉ា ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ ឲ្យដឹងថា ទីតាំងទីផ្សារ ដែលត្រូវបានត្រួតពិនិត្យមានចំនួន០៣ គឺ៖ ផ្សារស្ទឹង, ផ្សារពោធិស្រុក និងផ្សារជីមាន់ ហើយជាលទ្ធផលគ្មានសារធាតុគីមីឡើយ។

លោកបន្តថា ក្នុងការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានវិភាគបឋម ទៅលើផលិតផលម្ហូបអាហារនំបញ្ចុក ដូចជាសរសៃនំបញ្ចុក បន្លែជាល្បោយនំបញ្ចុក មាន៖ សណ្តែកបណ្តុះ ត្រយ៉ូងចេក ត្រសក់ និងស្បៃក្តោបហាន់រួច ព្រមទាំងប្រហុកសម្រាប់ដាក់ក្នុងសម្លការី និងសម្លខ្មែរ ដើម្បីស្វែងរកវត្តមានសារធាតុគីមី សូដ្យូមអ៉ីដ្រូស៊ុលហ្វ៉ីត (ម្ស៉ៅស) និងសារធាតុបូរ៉ាក់ (ទឹកអន្សារ) ដែលបង្កផលប៉ះពាល់សុខភាពអ្នកទទួលទាន។

ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានណែនាំអ្នកលក់នំបញ្ចុក ឲ្យយកចិត្តទុកដាក់បន្ថែមទៅលើការរក្សាទុកផលិតផលនំបញ្ចុក ឲ្យមានអនាម័យល្អ ចៀសវាងដាក់លក់មិនបានគ្របការពារ ពីភ្នាក់ងារចម្លងមេរោគ និងមិនត្រូវដាក់លក់នំបញ្ចុកនៅក្បែរសារធាតុគីមីពុល និងថ្នាំកសិកម្មផ្សេងទៀត ព្រោះវាអាចចម្លងដល់ម្ហូបអាហារបាន។ ចំណែកអ្នកលក់ ដែលជាអ្នកធ្វើនំបញ្ចុកផងនោះ ត្រូវយកចិត្តទុកដាក់ដល់អនាម័យបរិស្ថានជុំវិញ ចៀសវាងមានភក់ជ្រាំ និងទ្រុងចិញ្ចឹមសត្វជាដើមនៅជិតកន្លែងផលិត ។

ក្រៅពីនោះ មន្ត្រីកាំកុងត្រូល ក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាផងដែរ៕