(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយច្បាប់ ប្រាប់ដល់គ្រឹះស្ថានអប់រំទាំងអស់ ត្រឡប់មក អនុវត្តម៉ោងបង្រៀន និង រៀន ជា ប្រក្រតី ឡើងវិញ បន្ទាប់ពីរដូវប្រាំងអាកាសធាតុក្តៅបានកន្លងផុតទៅ ហើយរដូវវស្សាឈានចូលមកដល់នោះ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០៧ ខែមិថុនានេះ។

 រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា រដូវប្រាំងអាកាសធាតុក្តៅហួតហែង បានកន្លងផុតទៅ រដូវវស្សាបានចូលមកដល់ ធ្វើឲ្យអាកាសធាតុផ្លាស់ប្តូរជាប្រក្រតីឡើងវិញ។ ដើម្បីឈានទីអនុវត្តម៉ោងបង្រៀន និងរៀនជាប្រក្រតីឡើងវិញ ក្រសួងសូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តម៉ោងពេលចូល និងចេញជាធម្មតាវិញដូចខាងក្រោម៖

* ពេលព្រឹក ចូលរៀនម៉ោង៧៖០០នាទី ចេញម៉ោង១១៖០០នាទី
* ពេលរសៀល ចូលនៅម៉ោង១៣៖០០នាទី ចេញម៉ោង១៧៖០០នាទី។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅដោយសារអាកាសធាតុក្តៅខ្លាំង ទើបក្រសួងអប់រំសម្រេចកែប្រែម៉ោងចូល និងចេញពីរៀនរបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានអប់រំ ប៉ុន្តែពេលនេះតម្រូវឲ្យមកអនុវត្តន៍ដូចធម្មតាវិញ៕