(កំពង់ចាម)៖ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ខេត្តកំពង់ចាម ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនំបញ្ចុកនោះ ត្រូវបានដកចេញពីតំណែងហើយ។ នេះបើតាមការអះអាងរបស់ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបង្ហោះនៅលើ Facebook នាយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត»

ក្រៅពីបង្ហាញសារអំពីការដកតួនាទីមេប៉ុស្តិ៍ខាងលើ លោកអភិបាលខេត្ត បានអញ្ជើញបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ នៅថ្ងៃអាទិត្យខាងមុខនេះ និងថ្ងៃបន្តបន្តាប់ទៀត៕