(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ គណៈប្រតិភូអឺរ៉ុប ឱ្យវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ អំពីស្ថានភាពកម្ពុជា និងជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍនេះ ឱ្យទទួលបានជាបន្តទៀតនូវ ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ ( EBA) ពីសហភាពអឺរ៉ុប។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សំណើកម្ពុជាបានធ្វើឡើងនៅ រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែល ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមបេសកកម្មពិនិត្យ និងស្វែងរកការពិតរបស់សហភាពអឺរ៉ុប ស្តីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងគ្រឿងសព្វាអាវុធ (EBA) ដែលដឹកនាំដោយលោកស្រី Alina BOICIUS អនុប្រធានផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម និងមានការចូលរួមពី លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួងរៀបចំដែនដីបានប្រកាសទៀតថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការអញ្ជើញមករបស់ប្រតិភូ និងបានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការធានានូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងបានជម្រាបជូន នូវសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានលើវិស័យដីធ្លី។

លោកស្រី Alina BOICIUS បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងវិស័យដីធ្លី និងបានលើកឡើងអំពី(១) នីតិវិធីក្នុងការពិនិត្យ EBA ដែលបញ្ហាសម្បទានដីជាចំណុចមួយក្នុងការការវាយតម្លៃ, (២) សុំការបញ្ជាក់លើបញ្ហាមួយចំនួនក្នុងការដោះស្រាយវិវាទកន្លងមកពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ វិធីសាស្រ្តនៃការដោះស្រាយ និងលទ្ធផលរំពឹងទុករហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ នៅក្នុងខេត្តចំនួន៤ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ និងខេត្តកោះកុង (៣)៖ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារឱ្យស្របតាមស្តង់ដារជាតិនិងអន្តរជាតិ (៤)៖ ការចូលរួមក្នុង Platform សំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិកដែលអាចឱ្យអ្នកពាក់ព័ន្ធចែករំលែកព័ត៌មានគ្នាបាន និងធ្វើការឆ្លើយបំភ្លឺ។

លោកស្រីប្រធានប្រតិភូ បានថ្លែងអំណរគុណចំពោះ រាល់ការឆ្លើយតបរបស់ ឧបនាយករដ្ឋមន្រ្តី និងបានបញ្ជាក់ពីគោលបំណងនៃបេសកកម្ម ក្នុងគោលដៅសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារមិនឱ្យកម្ពុជាបាត់បង់ EBA ដើម្បីជាគុណប្រយោជន៍រួមរបស់កម្ពុជា និងសហភាពអឺរ៉ុប។

ឧបនាយករដ្ឋមន្រ្តី បានស្នើដល់ប្រតិភូធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ និងជួយគាំទ្រ ដល់កម្ពុជា ក្នុងការទទួលបានជាបន្តទៀតនូវ EBA ពីសហភាពអឺរ៉ុប ដែលជាការឆ្លើយតបទៅនឹង ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិតាំងពីចំណុចសូន្យ បន្ទាប់ពីការបំផ្លិចបំផ្លាញខ្ទេចខ្ទីរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ បង្កើតការងារជូនយុវជន លើកកម្ពស់ជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ច ចូលរួមចំណែកក្នុងការកសាងសន្តិភាព និងសន្តិសុខក្នុងតំបន់ និងក្នុងពិភពលោក ក្នុងឋានៈជាប្រទេសសមាជិកអង្គការសហប្រជាជាតិ៕