(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយលោក កេង ប៊ុណ្ណា អភិបាលរងខេត្ត និងលោកស្រី ឡេង សុខា ប្រធានស្តីទី គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត និងក្រុមការងារជាច្រើនរូបទៀត បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ រលំ និងរបើកដំបូលផ្ទះ ចំនួន៤ភូមិ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។

លោក ជាម ច័ន្ទសោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក ជាម ច័ន្ទសោភ័ណ បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ និងបានបញ្ជាក់ថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ ជាអំណោយសង្គ្រោះបន្ទាន់ ទោះបីមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូន បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ថែរក្សាសុខភាពឲ្យបានល្អ ព្រោះថា នេះជារដូវភ្លៀងងាយនឹងកើតជំងឺនានា ពិសេសចំពោះបញ្ហាខ្យល់កន្ត្រាក់ ដែលបានបោកបក់ទូទាំងប្រទេស ពិសេសខេត្តត្បូងឃ្មុំ ដែលបង្កឲ្យខូចខាតផ្ទះ និងប្រជាពលរដ្ឋសរុបជាង ៤០០គ្រួសារ ។

លើសពីនេះ បន្ទាប់ពីសាងសង់ផ្ទះសម្បែងឡើងវិញ ធ្វើយ៉ាងណាធ្វើគ្រឹះឲ្យបានរឹងមាំ ដើម្បីសុវត្ថិភាពរបស់បងប្អូនផ្ទាល់តែម្តង និងខិតខំបង្កើនការធ្វើការងារ ដើម្បីសម្រួលជីវភាពគ្រួសារឲ្យបានប្រសើរឡើងវិញផងដែរ។

បើតាមលោក រស់ សុខន អំណោយដែលចែកជូនទាំង ៤០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះរងការខូចខាតតិចតួច និងថវិកា២០ម៉ឺនរៀល សម្រាប់គ្រួសារ ដែលរលំផ្ទះ៕