(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករបន្តការដាំដុះស្រូវដោយប្រើជីធម្មជាតិ ដើម្បីពង្រីកកិត្យានុភាពអង្ករកម្ពុជាក្នុងទីផ្សារអន្តរជាតិ ពីព្រោះដោយសារតែការមិនប្រើជាតិគីមីនេះហើយ ទើបធ្វើឱ្យអង្ករកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយអង្កររបស់ប្រទេសដទៃ។

ការលើកទឹកចិត្តដល់ប្រជាកសិករយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល ១,៣៥៦នាក់ មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

នាឱកាសនោះ សម្ដេចតេជោបានលើកឡើងថា ដោយតែប្រជាកសិករកម្ពុជាមិនប្រើប្រាស់ជាតិគីមីលើដំណាំស្រូវរបស់ខ្លួន ទើបធ្វើឱ្យអង្កររបស់កម្ពុជាមានលទ្ធភាពខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយអង្កររបស់ប្រទេសដទៃ ពិសេសប្រទេសដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ ដូចជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ជាដើម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ពិតហើយ! ស្រូវអង្កររបស់យើងក៏មានលទ្ធភាពប្រកួតប្រជែង ក្នុងក្របខណ្ឌអនុតំបន់ទន្លេមេគង្គ។ អនុតំបន់ទន្លេមេគង្គផលិតស្រូវដូចគ្នា មីយ៉ាន់ម៉ាក៏ផលិតអង្ករ ឡាវក៏ផលិតអង្ករ ថៃក៏ផលិតអង្ករ វៀតណាមក៏ផលិតអង្ករ កម្ពុជាក៏ផលិតអង្ករដូចគ្នា ក្រៅពីនោះក៏មានឥណ្ឌាដែលនាំចេញអង្ករធំមួយដែរ តែសម្រាប់កម្ពុជាយើង ចំណុចខ្លាំងរបស់កម្ពុជា គឺស្ថិតនៅត្រង់ថា យើងមានទីផ្សារដែលទទួលទិញ ដោយសារតែប្រទេសមួយចំនួននោះ ត្រូវការអង្ករប្រទេសរបស់យើង ពិសេសគឺអង្ករយើងមិនប្រើជាតិគីមី»

ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីដែលចេញពីត្រកូលកសិកររូបនេះ ក៏បានលើកឡើងដែរថា ប្រជាកសិករកម្ពុជាមួយចំនួនកំពុងតែប្រើប្រាស់ជីគីមីលើដំណាំកសិកម្មរបស់ខ្លួន ព្រោះតែចង់ឱ្យដំណាំរបស់ខ្លួនឆាប់ធំធាត់ និងបានទិន្នផលខ្ពស់ ដែលនេះជាបញ្ហាធំមួយក្នុងវិស័យកសិកម្ម និងពាក់ព័ន្ធជាមួយសុវត្ថិភាពចំណីអាហារធ្ងន់ធ្ងរផងដែរ។

ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់អនុសាសន៍ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំជំរុញឱ្យប្រជាពលរដ្ឋខិតខំដាំដុះដំណាំស្រូវ និងដំណាំកសិកម្មនានា ដោយប្រើជីធម្មជាតិជំនួសឱ្យការប្រើជីគីមី ព្រោះកម្ពុជានៅសេសសល់ដីកសិកម្មច្រើនណាស់ ដែលប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ជីធម្មជាតិ។

សូមជម្រាបថា ចាប់ពីខែមករា ដល់មេសា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន ២១៣,៧៦៣តោន កើនឡើង ៨.៣១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨, នេះបើតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនាំចេញអង្ករ៕