(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី រឿន រើន ស្នងការរងនគរបាលខេត្ត និងជាជំនួយការងារដឹកនាំកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានជំរុញឲ្យកង កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចឲ្យបានល្អ ដើម្បីទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងជាពិសេសនោះដើម្បីបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន។

ការជំរុញបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលជំនាញ បង្ការ ទប់ស្កាត់បាតុកម្ម និងទទួលសម្ភារហ្វឹកហាត់ តំណាងដ៏របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលស្រុករវៀង។

នៅក្នុងឱកាសនោះ លោកបានថ្លែងថា «កងកម្លាំងទាំងអស់ត្រូវប្រឹងប្រែងបង្កើតស្នាដៃថ្មីៗ ដោយអនុវត្តន៍តាមឋានានុក្រម និងរៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ដកស្រង់ពិសោធន៍ពី ថ្នាក់ដឹកនាំ គោរពវិន័យ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំដែលប្រគល់ជូន»

ជាថ្មីម្តងទៀត លោកស្នងការរង ក៏បានមន្ថែមថា កងកម្លាំងទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានការឯកភាពគ្នារវៀងអធិការ និងមន្រ្តីក្រោមឱវាទគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់ដើម្បីទទួល បានជោគជ័យគ្រប់ការងារ ហើយលោកបានបញ្ជាក់ទៀតថា មន្រ្តីដែលមានស្នាដៃល្អ ក្នុងការបំពេញការងារត្រូវមានការលើកសរសើរពីថ្នាក់ដឹកនាំ។

លោក រឿន រើន បានផ្តាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ ដល់កងកម្លាំងទាំងអស់ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខសុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវការពាររាជរដ្ឋាភិបាលស្រប់ច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងមិនត្រូវជឿតាមពាក្យញុះញង់របស់ក្រុមប្រឆាំងជាដាច់ខាត ហើយកងកម្លាំងទាំងអស់ត្រូវមានសុខភាពល្អកម្លាំងមាំមួនផងដែរ៕