(ភ្នំពេញ)៖ ទីណាមានទុក្ខលំបាក ទីនោះ គឺមានវត្ដមានមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល អ្នកម្ដាយតែងតែខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីកៀរគរ សប្បុរជនជាតិ អន្ដរជាតិ ស្វែងរកថវិកា សម្ភារផ្សេងៗ សម្រាប់បន្ដផ្គត់ផ្គង់ និងបំពេញរាល់តំរូវការរបស់កូនៗទូទាំងប្រទេស ដែលជួបនូវការលំបាក ឬបញ្ហាប្រឈមនានាផ្សេងៗ រួមទាំងរងគ្រោះដោយគ្រោះធម្មជាតិជាដើម។

ជាក់ស្ដែងនៅព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារដល់កុមារពិការ បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសចំនួន២២៥នាក់ នៃបុរីទារក និងកុមារជាតិ និងកុមារ-បុគ្គលិកចំនួន៥០នាក់ នៃអង្គការទន្សាយ (មានថ្នាក់រៀននៅក្នុងបុរីទារក និងកុមារជាតិ) ដែលស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំណេះសំណាលសួរសុខទុក្ខកូនៗ ដែលពិការខ្សោយសតិបញ្ញា កុមារកំព្រាត្រូវឪពុកម្ដាយបោះបង់ចោល។ ជាពិសេសបានជំរុញលើកទឹកចិត្ដដល់កុមារ ដែលមានកាយសម្បទាគ្រប់គ្រាន់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់គ្រូ ធ្វើជាកូនសិស្សល្អ មិត្ដល្អ និងជាពលរដ្ឋគំរូ។

ទន្ទឹមនឹងនោះ អ្នកម្ដាយមនុស្សធម៌ ក៏បានផ្ដល់ក្ដីសណ្ដោសប្រណីដល់កូនៗជាកុមារ ដែលរស់នៅបុរីទារក និងកុមារជាតិ ដោយបញ្ចុកអាហារដ៏ឆ្ងាញ់ពិសា បង្គប់ដោយក្ដីអាណិតស្រលាញ់ដល់កូនៗគ្រប់គ្នា។ លើសពីនោះបានបំពេញនូវការចង់បានរបស់កូនៗ ក្នុងការរំាច្រៀងយ៉ាងសប្បាយ ដែលធ្វើឱ្យកុមារនៅទីនោះ សើចសប្បាយផងស្រក់ទឹកភ្នែកផង។

ជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ រួមទាំងអ្នកស្ម័គ្រចិត្តបរទេស ដែលបានបរិច្ចាគកម្លាំងកាយចិត្តថែទាំកុមារ ដោយក្តីអាណិតស្រឡាញ់ ជាពិសេសជំរុញលើទឹកចិត្ដ ដល់លោកគ្រូ អ្នកគ្រូ និងអ្នកស្ម័គ្រចិត្ដទាំងអស់ បន្តការយកចិត្តទុកដាក់ថែទាំកុមារដ៏កំសត់ទាំងអស់នេះ បន្ដទៅទៀតផងដែរ ។

ប្រធានបុរីទារក និងកុមារជាតិ លោកស្រី ថោ ពៅ បានថ្លែងថា «ថ្ងៃនេះយើងខ្ញុំទាំងអស់គ្នា មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដោយបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ដល់កុមារកំព្រា និងកុមារពិការភាព ថែមទាំងបានផ្ដល់នូវជំនួយមនុស្សធម៌ជាច្រើន ជាពិសេសទៀត សម្ដេចតែងតែគិតគូរ ដល់បុរីទារក និងកុមារជាតិនេះរហូតមក ដែលនេះជាលើកទី៤ហើយ។ ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេច ដែលតែងតែ ផ្ដល់ភាពកក់ក្ដៅ ការស្រលាញ់ ការអាណិតអាសូរដល់កុមារ ដែលមានពិការភាពទាំងនេះ»

ព្រមជាមួយគ្នានោះដែរ អ្នកគ្រូ និងអ្នកថែទាំកុមារនៅទីនោះ បានលើកឡើងស្រដៀងៗគ្នាថា «យើងខ្ញុំទាំងអស់គ្នា គោរពស្រលាញ់អ្នកម្ដាយខ្លាំងណាស់ និងចង់ជួបអ្នកម្ដាយឱ្យបានញឹកញាប់។ វត្ដមានអ្នកម្ដាយតែងតែមានជានិច្ច គ្រប់ពេលដែលកូនចៅមានទុក្ខលំបាក ដោយអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងដោះស្រាយរាល់ការលំបាកទាំងអស់ ដល់ក្មួយៗចៅប្រុស ចៅស្រី ដែលជាកុមារកំព្រាអនាថា និងពិការភាព ជនទុរគត ប្រកបដោយព្រហ្មវិហារធម៌ វិសេសថ្លៃថ្លា»

សូមជម្រាបថា អំណោយឧបត្ថម្ភដល់ បុរីទារក និង កុមារជាតិ និងអង្កការទន្សាយរួមមាន៖ ថវិកា១០,០០០,០០០រៀល អង្ករ៣តោន មី៥០កេស ត្រីខ៨កេស ត្រីងៀត១៥គីឡូក្រាម សាច់ក្រក១៥គីឡូក្រាម ទឹកស៊ីអ៊ីវ៣០ដប ទឹកត្រី៣០ដប ទឹកក្រូច៣០កេស ទឹកបរិសុទ្ធ៣០កេស ផ្លែក្រូចឃ្វិច៥កេស ផ្លែទំពាំងបាយជូរ៥កេស ទឹកដោះគោម្សៅកូនក្មេង៣០កេស (ស្មើ១៨០កំប៉ុង) សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន២០កេស និងរទេះជនពិការចំនួន៤០គ្រឿង ព្រមទាំងឧបត្ថម្ភថវិកាចំនួន៣,៥០០ដុល្លារ ដើម្បីទិញម៉ូតូកង់បីទុកប្រើប្រាស់។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភដល់បុគ្គលិកចំនួន៩០នាក់ ម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម ឃីត១(មុង ភួយ សារុង ក្រមា) និងថវិកា១០ម៉ឺនរៀល រួមទាំងឧបត្ថម្ភសិស្ស កំពុងរៀនជំនាញវិជ្ជាជីវៈនៅក្នុងមណ្ឌលចំនួន១០នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល និងឧបត្ថម្ភអ្នកស្ម័គ្រចិត្តបរទេសចំនួន៤នាក់ នូវក្រមាកាកបាទក្រហម១ និងថវិកា១០ម៉ឺនរៀល៕