(ប៉េកាំង)៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសរុស្ស៊ី នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ព្រមទាំងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ ក្រុង Saint Petersburg លើកទី២៣។

ឆ្នាំ២០១៩នេះជាខួបទី៧០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងរុស្ស៊ី។ ប្រទេសទាំងពីរធ្លាប់បានថ្លែងជាច្រើនលើកថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាល ដ៏ល្អបំផុតនៃប្រវត្តិសាស្ត្រ។ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនេះ នឹងជំរុញទំនាក់ទំនងរវាងចិន និងរុស្ស៊ី ឱ្យចេញដំណើរពីចំណុចចាប់ផ្តើមថ្មីនៃយុគសម័យថ្មីដែលទទួលបានការអភិវឌ្ឍកម្រិតខ្ពស់កាន់តែច្រើន។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប្រមុខរដ្ឋចិន និងរុស្ស៊ី បានជួបពិភាក្សាការងារច្រើនជាង២០ដង ហើយបានបង្កើតទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធ និងមិត្តភាពយ៉ាងជ្រាលជ្រៅ។

ចំណងការទូតថ្នាក់ប្រមុខរដ្ឋបានក្លាយជាចំណុចលេចធ្លោបំផុតមួយនៃភាពចាស់ទុំ និងស្ថិរភាពសម្រាប់ទំនាក់ទំនងរវាងចិន និងរុស្ស៊ី។ កាលពីខែមេសា ឆ្នាំនេះ លោកប្រធានាធិបតីពូទីន បានមកប្រទេសចិន ដើម្បីចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» លើកទី២។ មិនដល់ពីរខែផង លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅប្រទេសរុស្ស៊ីដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg។

តួនាទីគំរូជាវិជ្ជមាននៃការរចនាពីលំដាប់កំពូល និងការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងរុស្ស៊ីបានក្លាយជាគំរូមួយសម្រាប់ចំណងការទូតថ្នាក់ប្រមុខរដ្ឋកម្រិតខ្ពស់ ដែលបង្ហាញពីលក្ខណៈពិសេសសារៈសំខាន់ និងកម្រិតខ្ពស់នៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី។

លោក Sergey Luzyanin ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានថែ្លងកាលពីពេលថ្មីៗនេះថា វត្តមានរបស់លោកប្រធានរដ្ឋចិន ស៊ី ជីងភីង ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg នឹងលើកកម្ពស់យ៉ាងច្បាស់លាស់នូវឋានៈនៃវេទិកានេះ។

ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្តូរស្មុគស្មាញយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងរុស្ស៊ី តែងតែគោរពជានិច្ចនូវផ្លូវអភិវឌ្ឍន៍របស់គ្នា និងគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក គាំទ្រគ្នាយ៉ាងរឹងមាំក្នុងបញ្ហាដែលយកចិត្តទុកដាក់សំខាន់ៗ និងពាក់ព័ន្ធផលប្រយោជន៍ជាស្នូលរបស់គ្នាទៅវិញទៅមក នេះជាមូលហេតុសំខាន់ដែលទំនាក់ទំនងរវាងចិននិងរុស្ស៊ីវិវឌ្ឍទៅមុខដោយនឹងនរនិងជាប់រហូត។

ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានក្លាយទៅជាទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដែលមានកម្រិតជឿទុកចិត្តគ្នាខ្ពស់បំផុត កម្រិតកិច្ចសហប្រតិបត្តិការខ្ពស់បំផុត និងមានតម្លៃយុទ្ធសាស្រ្តខ្ពស់បំផុត។ ពេលបច្ចុប្បន្ននេះឧត្តមភាពក្នុងផ្នែកនយោបាយនៃប្រទេសទាំងពីរ កំពុងក្លាយទៅជាសមិទ្ធផលជាក់ស្តែង ដែលអំណោយផលដល់គ្នាទៅវិញទៅមកក្នុងគ្រប់ទិសដៅ ស្រទាប់និងវិស័យកំពុងត្រូវបានបង្កើតឡើង ព្រមទាំងកំពុងបង្កើតនូវកម្លាំងចលករខាងក្នុងយ៉ាងខ្លាំងក្លាជារៀងរាល់ថ្ងៃ។ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ី បានឡើងដល់ជាង១សែនលានដុល្លារអាមេរិក។

លោក ពូទីន ធ្លាប់បានថ្លែងថា ទិន្នន័យនេះមានសារៈសំខាន់ណាស់ ពាណិជ្ជកម្មទ្វេភាគីបានឆ្លុះបញ្ចាំងពីសភាពការណ៍នៃការអភិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលជាលទ្ធផលនៃការបង្កើនការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិន និងរុស្ស៊ីខិតជិតមកដល់ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ីកំពុងស្វាគមន៍ «ឆ្នាំប្រមូលផល» មួយទៀត។ មួយសប្តាហ៍មុនស្ពានហាយវេទីមួយ នៅតាមព្រំដែនរវាងប្រទេសទាំងពីរបានតភ្ជាប់គ្នាដោយជោគជ័យ ហើយស្ពានផ្លូវដែកទីមួយក៏នឹងជិតបញ្ចប់ការសាងសង់ ព្រមទាំងបំពង់ឧស្ម័នធម្មជាតិខាងកើតរវាងចិន និងរុស្ស៊ីក៏នឹងត្រូវតភ្ជាប់ និងប្រើប្រាស់ក្នុងឆ្នាំ២០១៩នេះផងដែរ។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យថាមពល ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់ កិច្ចការពាណិជ្ជកម្មអេឡិចត្រូនិក កសិកម្ម ការអភិវឌ្ឍប៉ូលខាងជើងនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាដើមក៏មានការរីកចម្រើនជាច្រើនផងដែរ។ ពេលថ្មីៗកន្លងទៅនេះ លោក Dmitry Peskov លេខាធិការព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា និន្នាការវិនិយោគរបស់ចិនទៅលើរុស្ស៊ីមិនថយក្រោយទេ គឺមានការកើនឡើងយ៉ាងខ្លាំង។

ក្នុងរយៈពេល៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូត ទំនាក់ទំនងចិននិងរុស្ស៊ីបានឆ្លងកាត់បញ្ហាប្រឈមគ្រប់បែបយ៉ាងដូចជា ការផ្លាស់ប្តូរប្រវត្តិសាស្ត្រនិងក្នុងស្រុករៀងៗខ្លួនផងដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះក្រោមការប្រឈមនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីបស្ចិមប្រទេស ប្រទេសរុស្ស៊ី បានបញ្ចេញសំឡេងផ្តួចផ្តើមឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងប្រឆាំងនឹងការការពារនិយមតាមរយៈវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង Saint Petersburg ជាដើម។

នៅក្រោមសភាពការណ៍ដែលឯកតោភាគីនិយម និងការការពារនិយមបានងើបឡើង ក៏ដូចជាប្រព័ន្ធ និងរបៀបវារៈអន្តរជាតិត្រូវបានរងនូវបញ្ហាប្រឈម ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មភាពជាក់ស្តែងរបស់ប្រទេសចិន និងរុស្ស៊ី ក្នុងការរួមសហការគ្នាដើម្បីគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ព្រមទាំងយុត្តិធម៌និងសច្ចធម៌អន្តរជាតិ គ្មានអ្វីគួរឲ្យសង្ស័យទេ ហើយបានដើរតួនាទីជាវិជ្ជមានដូចម៉ាស៊ីនលំនឹងមួយ។ ដោយឈរលើចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មី កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ីច្បាស់ជានឹងទទួលបានផ្លែផ្កាជាមិនខាន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពី ក៏ដូចជានឹងនាំមកនូវក្តីសង្ឈឹមថ្មីដល់ការអភិវឌ្ឍលើពិភពលោក៕