(ព្រះវិហារ)៖ អាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនដល់ដៃមន្ត្រីអាវុធហត្ថគ្រប់ៗរូប ក្រោមវត្តមានលោកឧត្តមសេនីយត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់គិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់ អាវុធរបស់យើង។ ជាក់ស្តែង ក្រៅពីតំឡើងប្រាក់បៀវត្សរ៍សមរម្យជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង សម្តេចបានឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗទៀត ជាការលើកទឹកចិត្ត។ យ៉ាងណាមិញ ថ្ងៃនេះយើងទទួលបានអាវភ្លៀងរបស់សម្តេច ដោយសារក្នុងរដូវវស្សា ចំណែកនៅរដូវរងាយើងទទួលអាវរងាពីសម្តេចម្តងទៀត។

ទន្ទឹមនិងនោះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានណែនាំដល់មន្ត្រីអាវុធហត្ថនៅក្នុងខេត្តទាំងអស់ ត្រូវមានភាពស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្យ ត្រូវការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត។ មិនត្រូវជឿតាមការញុះញុងរបស់ក្រុមប្រឆាំង មួយក្តាប់តូចឡើយ។

ជាមួយគ្នានោះ ត្រូវគោរពឲ្យបានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល អគ្គបញ្ជាការ ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានថ្លែងនូវការកោតសរសើរដល់មន្ត្រីអាវុធខេត្តទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរ។ ទន្ទឹនិងនោះដែរ ត្រូវខិតខំបន្តទៀតទប់ស្កាត់ឲ្យបានសកម្មភាពចោរលួច ចោរប្លន់ ក្មេងទំនើងដែលតែងតែបង្ករអសន្តិសុខនៅក្នុងមូលដ្ឋាន ហើយជាពិសេស ត្រូវទប់ស្កាត់ឲ្យបានបទល្មើសធនធានធម្មជាតិដោយខុសច្បាប់៕