(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចចេញអនុក្រឹត្យថ្មីមួយស្តីពីការចុះបញ្ជី ផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ។ នៅក្នុងអនុក្រឹត្យថ្មីនេះក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យម្ចាស់យានជំនិះអាចធ្វើផ្លាកលេខពិសេស ទៅតាមការចង់បានរបស់ខ្លួនផងដែរ។

ផ្លាកលេខពិសេសនេះ គឺម្ចាស់យានយន្តអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលខ្លួនចង់បាន ហើយក៏អាចយកផ្លាកលេខនេះទុកប្រើប្រាស់ពេញមួយជីវិតផងដែរ នេះបើយោងតាមការបញ្ជាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន។

នៅក្នុងអនុក្រឹត្យនេះ បានបញ្ជាក់ថា ផ្លាកលេខយានយន្តពិសេសនេះ ត្រូវសរសេរអក្សរខ្មែរបញ្ជាក់ថា «កម្ពុជា» ពីខាងលើ ហើយផ្នែកកណ្តាលជាលេខចុះបញ្ជីមានលេខឬ/និងអក្សរឡាតាំងមិនលើសពី៨ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាប់ផ្តេក។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនមានភារកិច្ចចុះបញ្ជី និងផ្ទេរកម្មសិទ្ធិ ផ្តល់បណ្ឌសម្គាល់យានជំនិះ និងផ្លាកលេខយានជំនិះស្ថិតនៅក្នុងចង្កោមទី៣។ លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ត្រូវបង់កម្រៃសេវាសាធារណៈតាមការកំណត់ក្នុងប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមលទ្ធផលនៃការលក់ ឬដេញថ្លៃជាសាធារណៈ។

នីតិវិធីនៃការប្រមូលចំណូលពីលេខចុះបញ្ជីពិសេស លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងការគ្រប់គ្រងចំណូល ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន ខំប្រឹងសម្រួលបច្ចេកទេស និងនីតិវិធីផ្សេងៗក្នុងការធ្វើផ្លាកលេខពិសេសនេះ។ បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋអាចនឹងបញ្ជាធ្វើផ្លាកលេខពិសេស បាននៅក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តួចគំនិតក្នុងការធ្វើផ្លាកលេខពិសេសនេះឡើង ក្នុងគោលបំណងកៀរគរថវិកាជូនជាតិ ពីអ្នកប្រើប្រាស់យានយន្ត ដែលចង់បានផ្លាកលេខពិសេស៕