(កំពង់ឆ្នាំង)៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ឆ្នាំង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រាប់ឲ្យកងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវតែមានស្មារតីជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការពាររដ្ឋធម្មនុញ្ញា ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាល បើកបររថយន្តជំនាន់ទី០១ និងបើកវគ្គហ្វឹកហ្វឺនបើកបររថពាសដែក ប្រើប្រាស់សព្វាវុធ និងបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «ជានិច្ចកាល ត្រូវមានស្មារតី និងសតិអារម្មណ៍ជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពង្រឹងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពច្បាប់របស់រដ្ឋ វិន័យកងទ័ពឋានានុក្រមយោធា គោរពនិងអនុវត្តម៉ឺងម៉ាត់ បទបញ្ជារបស់រាជរដ្ឋាភិបាល ការពារច្បាប់រដ្ឋធម្មនុញ្ញាដាច់ខាត មិនឲ្យបដិវត្តន៍ពណ៌ កើតឡើងនូវប្រទេសកម្ពុជាឡើយ ទោះបីស្ថិតក្នុងរូបភាព ឬពេលវេលាណាក៏ដោយ»

នាយឧត្តមសេនីយ៍ បានបន្ដទៀតថា ត្រូវបន្តពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ច បង្ការ ការពារ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ដើម្បីពង្រឹងនីតិរដ្ឋ ស្របទៅតាមតួនាទី ភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន។ ពិសេស បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស អំពើភេរវកម្ម សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើរំលោភច្បាប់ មានជាអាទិ៍ដូចជា៖ ការរត់គេចពន្ធ ជាដើម...-ល-។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់ដល់កងកម្លាំងអាវុធហត្ថទៀតថា ត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយឧបករណ៍ គ្រឿងបំពាក់លើកកម្ពស់ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្លះខ្ជាយ ពិសេស លើកកម្ពស់មនសិការ ចូលរួមអនុវត្តទិសស្លោក របស់មេបញ្ជាការ (ជួយគិត ជួយគូ និងរួមគ្នាទទួលខុសត្រូវ) តាមតួនាទីភារកិច្ចរៀងៗខ្លួន។

ក្នុងឱកាស បើកវគ្គហ្វឹកហ្វឺនបើកបររថពាសដែក ប្រើប្រាស់សព្វាវុធ និងបាញ់គ្រាប់ពិត ខាងលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានរំលឹកនូវការយកចិត្តទុកដាក់មួយចំនួន រួមមាន៖

១៖ ចំពោះមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជំនាញដែលមានការពាក់ព័ន្ធ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវភ្ជាប់ជាប់តួនាទី-ភារកិច្ច, ចាត់ចែង, គ្រប់គ្រង, ធានាជីវភាពរស់នៅ, ធានាប្រេងឥន្ធនៈ, ឧបករណ៍-មធ្យោបាយ-សម្ភារបម្រើឲ្យវគ្គ ធ្វើយ៉ាងណាឲ្យកម្មវិធី នៃវគ្គសិក្សា ដំណើរការទៅដោយរលូន។

២៖ ចំពោះផ្នែកបង្រៀន ស្នើយកចិត្តទុកដាក់ ដល់ផ្នែកគរុកោសល្យ ត្រៀមមេរៀនបង្រៀន បង្រៀនឲ្យអស់កម្មវិធី ដោយធានាបានថា ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួល បាននូវចំណេះដឹង និងសមត្ថភាព ។

៣៖ ចំពោះកម្មសិក្សា ត្រូវយល់ថា នេះជាឱកាស ជាកិត្តិយស ត្រូវក្រេបជញ្ជក់ចំណេះដឹង និងកសាងឲ្យខ្លួននូវជំនាញវិជ្ជាជីវៈ ដូច្នេះ ត្រូវគោរពម៉ឺងម៉ាត់វិន័យ បទបញ្ញាវគ្គសិក្សា ប្រឹងប្រែងរៀនសូត្រ ស្តាប់បទឧទ្ទេសនាមរបស់គ្រ ហើយក្រោយពេលបញ្ចប់វគ្គ ម្នាក់ៗមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ។

៤៖ ត្រូវយកចិត្តទុកដាក់ថែទាំ និងប្រុងប្រយ័ត្នខ្ពស់ ផ្នែកបច្ចេកទេស ពីព្រោះមធ្យោបាយដែលយើងយកមកប្រើប្រាស់ សម្រាប់ការសិក្សានៅពេលនេះ គឺជាមធ្យោបាយស្ថិតនៅ ក្នុងក្របខ័ណ្ឌបំពាក់ ដូច្នេះ បើអស់លោកមិនច្បាស់ ហាមដោះ រុះរើ និយាយឲ្យចំ មិនអនុញ្ញាត ឲ្យអស់លោកយកមធ្យោបាយនេះ សម្រាប់ធ្វើជាការពិសោធន៍ ជាដាច់ខាត ត្រូវតែពិនិត្យ និងថែទាំបច្ចេកទេសឲ្យបានជាប្រចាំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ផងដែរថា ការបើកវគ្គបណ្តុះបណ្តាលជំនាញបើកបរ របស់កងរាជអាវុធហត្ថថ្ងៃនេះ គឺសំដៅគោលបំណង៣យ៉ាង ជាចម្បង៖

១៖ ដើម្បីរួមចំណែកបង្ការ-ទប់ស្កាត់ និងកាត់បន្ថយចំនួនមនុស្សស្លាប់ របួស ពិការ ការខូចខាតបាត់បង់មធ្យោបាយសម្ភារ ទ្រព្យសម្បត្តិ ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយសារចរាចរណ៍។ ដោយសារ ការមិនយល់ មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះ គ្រោះថ្នាក់ដែលកើតចេញពីការមិនយល់ដឹង និងការធ្វេសប្រហែលម្យ៉ាងទៀត កងរាជអាវុធហត្ថជាមន្ត្រីប្រតិបត្តិច្បាប់ ដែលមានតួនាទី ភារកិច្ច ជាអ្នកតាមដាន ឃ្លាំមើល ត្រួតពិនិត្យ ជួយសម្រួលចរាចរណ៍ ត្រូវតែជាគម្រូល្អ ដល់ពលរដ្ឋក្នុងសង្គម ក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ថែមទៀតផង ។

២៖ ដឹកជញ្ជូនជាជំនាញឯកទេសមួយ នៃជំនាញឯកទេសផ្សេងៗទៀត ដែលមាននៅក្នុងរចនាសម្ពន្ធចាត់តាំងកងរាជអាវុធហត្ថ បច្ចុប្បន្ន កងរាជអាវុធហត្ថកំពុងប្រឈមនិងខ្វះអ្នកបើកបរ និងជាជ្រុងមួយនៃការធ្វើកំណែទម្រង់ ដើម្បីពង្រឹងរចនាសម្ព័ន្ធផងដែរ។

៣៖ មេបញ្ជាការកងរាជអាវុធហត្ថ ចង់ផ្តល់ជូនបុគ្គលិក ក្នុងកងរាជអាវុធហត្ថគ្រប់រូបទទួលបាននូវវិជ្ជាជីវៈមួយ ដែលពួកគេម្នាក់ៗអាចយកទៅប្រើប្រាស់បាន សម្រាប់ប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេផ្ទាល់ខ្លួន កមគ្រួសារ នៅពេលដែលពួកគេចាក់ចេញពីជួរកងរាជអាវុធហត្ថ៕