(ភ្នំពេញ)៖ បុរសជាជនជាតិចិនម្នាក់ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក ក៏បានបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវអ្វីទាំងអស់ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នា ដេញតាមរថយន្តខាងលើ រហូតដល់ចំណុចកែងផ្សារតាប៉ាង ផ្លូវលេខ១៣៦ ទើបឃាត់ខ្លួនជនបង្កតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបរោងកុនលុច្ស តាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ក្រោយចាប់ខ្លួន និងឆែកទៅរកឃើញថ្នាំញៀនជាង ៦គីឡូក្រាម ដែលជនជាតិចិនរូបនេះបានលាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ និងស្ត្រីម្នាក់បានជិះរ៉ឺម៉កកង់បីឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង1M-1574 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីកើតទៅលិច បានឈប់រង់ចាំស្តុប ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Lexus RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-4332 បើកបរដោយបុរសជនជាតិម្នាក់ បានធ្វើដំណើរមកពីក្រោយបុកពេញទំហឹង អូសរ៉ឺម៉កកង់បីជាច្រើនម៉ែត្រ បណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់គេច រហូតដល់ចំណុចផ្សារតាប៉ាង ផ្លូវលេខ១៣៦ ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់ រថយន្តខាងលើបានតែម្តង។ ដោយនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បងប្អូនប្រជាពលរដ្ឋបានប្រើហិង្សាទៅជនបង្កវ៉ៃម្នាក់មួយដៃ មួយជើងទើបបណ្ដាលឲ្យរងរបួសបែកមាត់។

ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ រួចនាំយកជនបង្កខាងលើទៅកាន់អធិការនគរបាលខណ្ឌដូនពេញ ស្រាប់បានប្រទះឃើញគ្រឿងញៀនជាច្រើនគីឡូ នៅក្នុងកាបូបរបស់ជនបង្ក។

មន្រ្តីន​គរបាលបានបញ្ជាក់ថា នៅពេលនេះជនជាតិចិនរូបនេះ ស្ថិតក្រោមការសួរនាំ ដើម្បីចាត់ការតាមច្បាប់៕