(ភ្នំពេញ)៖ ដើម្បីឱ្យសាធារណជនកាន់តែច្រើនថែមទៀត បានជ្រាបពីវត្តមាន និងស្គាល់កាន់តែច្បាស់ពីមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការង្កើតឡើង ដើម្បីកៀរគរអំណោយ ឧបត្ថម្ភ និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ។

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនដំណឹងពីការដាក់ដំណើរការជាផ្លូវការនូវគេហទំព័ររបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានអាសយដ្ឋាន «www.ckf.org.kh»​​ បន្ថែមពីលើទំព័រ Facebook ផ្លូវការរបស់មូលនិធិដែលមានស្រាប់។

គេហទំព័រនេះមានពីរភាសាគឺភាសាខ្មែរ និងអង់គ្លេស ដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសារបាន, ប្រភេទ និងចំនួនសមាជិក, ព័ត៌មាន និងសកម្មភាពផ្សេងៗ, មធ្យោបាយទំនាក់ទំនង ក៏ដូចជាមធ្យោបាយចូលរួមបរិច្ចាគដើម្បីក្លាយជាសមាជិក, និងឯកសារផ្សព្វផ្សាយនានា ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលទាំងនៅលើទូរសព្ទដៃ, កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។

លើសពីនេះ សាធារណជនក៏នឹងអាចចូលទៅពិនិត្យមើលឈ្មោះ, ចំនួនថវិកាបរិច្ចាគ, ប្រភេទសមាជិក, កាលផុតកំណត់ ឬពេលត្រូវបរិច្ចាគជាថ្មី នៃសមាជិកនីមួយៗ របស់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលខាងមុខផងដែរ។ ដូច្នេះ សូមសាធារណជនទាំងអស់ជ្រាប និងចូលរួមទទួលព័ត៌មានដូចរៀបរាប់ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕