(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានបញ្ចប់ដោយជោគជ័យ ហើយក្នុងនោះ កីឡាការិនីឈ្មោះ សេង សុជាតា ដែលចូលរួមការប្រកួតនេះ បានអំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡា មួយនេះឲ្យបានច្រើន ហើយត្រូវតែព្យាយាមប្រើភាពអំណត់ ទោះឧបសគ្គយ៉ាងណាក៏អាចធ្វើបានដែរ។

ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩នេះ រៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន តូតាល់ បន្ទាប់ពីធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុប៦២៤គីឡូម៉ែត្រ កាលពីពេលថ្មីៗនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

កីឡាការិនីរូបនេះ បានអះអាងថា ការប្រណាំងបែបធម្មជាតិនេះ ធ្វើឲ្យនាងសប្បាយរីករាយ ពីព្រោះថាជាកន្លែងមិនធ្លាប់បានទៅ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ក៏បានទាក់ទាញ និងបង្ហាញភ្ញៀវទេសចរពីតំបន់អភិរក្សធនធានធម្មជាតិ ដ៏សំបូរបែបដែលកម្ពុជាមាន ទៅកាន់ពិភពលោកផងដែរ។

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍ របស់សាធារណជនឲ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិផងដែរ ហើយក្រសួងនឹងបន្តការគាំទ្រព្រឹត្តការណ៍ប្រណាំងបែបធម្មជាតិនេះ នៅឆ្នាំក្រោយៗទៀត។

គួរជម្រាបថា កម្មវិធីនេះជួយលើកស្ទួយកីឡាប្រណាំងក្នុងស្រុក ហើយថែមទាំងលើកតម្កើងការយល់ដឹងពីប្រធានបទសំខាន់ផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរ ដូចជា បរិស្ថាន និងការបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕