(ព្រះវិហារ)៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដាច់ជើងម្ខាង ខណៈពេលកំពុងលីឈើ ឆ្លងដែនមកពីប្រទេសថៃ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣៖០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅព្រលានបេះដូងខាងកើត ច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃនេះថា មុនពេលកើតហេតុ ជនរងគ្រោះ មានគ្នាប្រមាណ១០នាក់ បានឆ្លងដែនពីស្រុកថៃ ចូលមកស្រុកខ្មែរវិញ ដោយមានលីឈើបេងមកជាមួយផង។

លោកបន្ដថា លុះដល់កន្លែងកើតហេតុ ជនរងគ្រោះបានជាន់មីន បណ្តាលឲ្យផ្ទុះកក្រើកឡើងរហូតដាច់ជើងស្តាំម្ខាង ក្រោយហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានគ្នីគ្នាបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកជាំក្សាន្ត ដោយសារអាការៈធ្ងន់ធ្ងរជនរងគ្រោះ ត្រូវបានបញ្ជូនបន្តមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

លោកអធិការស្រុក បានបន្តថា ជនរងគ្រោះមានឈ្មោះស្រី ភិន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិវាលពោធិ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានកូនក្នុងបន្ទុកចំនួន៥នាក់៕