(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃនេះអង្គភាពព័ត៌មាន Fresh News បានទទួលទូរស័ព្ទ និងសារតាមរយៈ Telegram និង WhatsApp យ៉ាងច្រើនអនេកដោយសម្តែងនូវការហួសចិត្តយ៉ាងពន់ពេកចំពោះករណីមន្រ្តីនគរបាលស័ក្ត៣លួច iPad ហើយត្រូវបានដោះលែងវិញ។

ទាំងតាមប្រព័ន្ធទូរស័ព្ទ និងសារឆ្លើយឆ្លងលើបណ្តាញទំនាក់ទំនង ដែលបានថ្លែងនិងសរសេររិះគន់លើការដោះលែងមន្រ្តីនគរបាល ពាក់ស័ក្តិ៣ រួមមាន៖ មន្រ្តីរាជរដ្ឋាភិបាល មន្រ្តីស្ថាប័នតុលាការ មន្រ្តីនគរបាល មន្រ្តីរាជការតាមបណ្តាក្រសួងនានា និងរហូតដល់ប្រធានគណបក្សនយោបាយផងដែរ ដោយលើកឡើងនូវពាក្យពេជន៍ប្រហែលៗគ្នាថា៖

«វិដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញយ៉ាងច្បាស់ហើយ គឺករណីលួច មិនមែនច្រឡំលួចទេ, មិនគួរដោះលែងនោះឡើយ ត្រូវតែអនុវត្តតាមច្បាប់ជាមន្រ្តីនគរបាលផង ធ្វើបែបនេះខូចស្ថាប័ននគរបាលអស់ហើយ ប្រជារាស្រ្តបាត់បង់ជំនឿ»

ក្រៅពីមន្រ្តីស្ទើរគ្រប់ស្ថាប័ននៅកម្ពុជារិះគន់ចំពោះចំណាត់ការនេះ ចំណែកប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមយក្ស Facebook ឯណោះវិញ ពិតជាមិនបន្ធូរដៃឡើយ ដោយបានរៀបចំកាត់តវិដេអូ និងរូបភាព ដោយសរសេរពាក្យឌឺដងយ៉ាងដៃដល់ការដោះលែងមន្រ្តីនគរបាលដែលជាចោរលួច iPad ទៅវិញ ដោយលើកហេតុផលថាច្រឡំដៃ។ (ដូចរូបភាពខាងក្រោម)

ប្រធានគណបក្សយុវជនកម្ពុជា និងសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានបញ្ចេញទស្សនៈ និងសារនៅលើបណ្តាញសង្គម Facebook  នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ការពាររុយមួយក្បាល វាអាចធ្វើឲ្យសម្លមួយឆ្នាំងចាក់ចោល​ ដោយសារតែរុយមួយក្បាលនោះហើរចូលក្នុងឆ្នាំងសម្ល ដូច្នេះអ្នកដែលឆ្លាតគឺការពារសម្លមួយឆ្នាំង ហើយ​គឺគេមិនការពាររុយ1ក្បាលនោះទេ​ ដូច្នេះចូរអ្នកដែលប្រឹងការពាររុយមួយក្បាលនោះ គិតលេខឡើងវិញសិនទៅ តើការពាររុយនិងការពារសម្លមួយឆ្នាំ​ង ​តើថាមួយណាចំណេញជាងហើយ មួយណាមានប្រយោជន៍ជាង.? ផ្ញើរជូនអ្នកការពារលោកមហាច្រឡំ ឬលោកមហាសតិមិនប្រក្រតី​អានលេង»

កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីនគរបាលរូបនេះ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។

ទោះបីយ៉ាងណា មហាជននៅតែមានជំនឿចិត្តថា មន្រ្តីនគរបាលរូបនេះនឹងត្រូវរងការកាត់ទោសពីច្បាប់ជាក់ជាមិនខាន បើមិនកាត់ទោសគេទេនោះច្បាប់ក៏គ្មានតម្លៃដែរ៕