(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា-ជប៉ុន បានរិះគន់កូរ៉េខាងជើង ចំពោះការបន្តបាញ់មីស៊ីល ដែលរំលោភទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

ការរិះគន់នេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបំពេញបេសកកម្ម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមវេទិកា «អនាគតរបស់អាស៊ី»។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនោះ លោក អាបេ បានលើកឡើងអំពីបញ្ហាដែលកើតឡើងនៅក្នុងតំបន់ជាពិសេស លោកចុចចំនូវបញ្ហាឧបទ្វីបកូរ៉េ ដែលនៅតែបន្តគំរាមកំហែងដល់សន្តិសុខពិភពលោក។

«ឯកឧត្តម (អាបេ) ក៏បានលើកផងដែរ អំពីបញ្ហានៅក្នុងតំបន់ ដែលទី១៖ ពាក់ព័ន្ធនឹងបញ្ហាឧបទ្វីបកូរ៉េ ជាពិសេសការបាញ់កាំជម្រួចដោយកូរ៉េខាងជើងកន្លងទៅនេះ ដែលជាការរំលោភទៅដល់សេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ»។ នេះបើតាម លោក កៅ គឹមហួន។

លោកកៅ គឹមហួន បានបន្តដកស្រង់សម្តីនាយករដ្ឋមន្រ្តីជប៉ុនថា៖ «អ្វីដែលសំខាន់គឺថា អង្គការសហប្រជាជាតិ យកចិត្តទុកដាក់ ជាពិសេសទៀតត្រូវតែអនុវត្តឱ្យបានម៉ត់ចត់នូវសេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឯកឧត្តមសង្ឃឹមថា កម្ពុជានឹងចូលរួម ក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដូច្នេះឯកឧត្តមចង់ឱ្យកម្ពុជាសហការគ្នាលើបញ្ហាមួយចំនួនហ្នឹង រួមទាំងបញ្ហាចាប់ជម្រិតជនជាតិជប៉ុនផងដែរ»។

បន្ទាប់ពីនាំពាក្យនាយករដ្ឋមន្រ្តីជប៉ុនហើយនោះ លោករដ្ឋមន្រ្តីអមប្រតិភូ ក៏បានចាប់ផ្តើមលើកឡើងអំពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងបញ្ជាក់ទៅកាន់ លោក អាបេ ស៊ីនហ្សូ។

លោកបានបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា នេះជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ សម្តេចក៏ធ្លាប់បានលើកឡើងហើយ នៅក្នុងក្រមខណ្ឌកិច្ចប្រជុំកំពូលអាស៊ិមផងដែរថា សម្តេចមិនជឿទេ នូវអ្វីដែលកូរ៉េខាងជើងតែងតែសន្យានោះ»

គួរបញ្ជាក់ថា កាលពីដើមខែឧសភា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី២គ្រាប់ ហើយដែល នេះត្រូវបានលោក Bolton ចាត់ទុកថាជាទង្វើបង្កអសន្តិសុខ និងរំលោភលើដំណោះស្រាយ UN។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បាននិយាយថាវាគ្រាន់តែជាការធ្វើតេស្ដអាវុធតូចតាច និងមិនបានធ្វើឱ្យលោក ព្រួយបារម្ភឡើយ៕