(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមរាជធានី-ខេត្ត រួមសហការគ្នា ដើម្បីតាមចាប់ជនដៃដល់ ដែលបានសម្លាប់ក្មេងតូច ២នាក់បងប្អូននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅពីមុខឪពុក-ម្តាយក្មេងរងគ្រោះថា «ករណីឃាតកម្មនៅលើក្មេងរងគ្រោះទាំង២នាក់ ជាអំពើឃោឃៅ អមនុស្សធម៌បំផុត ដែលខ្មែរយើងកាន់ព្រះពុទ្ធ សាសនា មិនអាចទទួលយកបាននោះទេ។ ដូចនេះហើយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចទូទាំងប្រទេស ត្រូវស្វែងរកឲ្យឃើញ។ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយតែវាបានរត់គេចខ្លួន»។

រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានជួយឧបត្ថម្ភថវិកាចំនួន ២, ៣៤០,០០០រៀល, លុយដុល្លារ ចំនួន ៩១៥ដុល្លារ និងគ្រឿងបរិភោគមួយចំនួនថែមទៀត ដល់ឪពុកម្តាយសពក្មេងទាំង ២នាក់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ដែលកំពុងខ្វះខាត។

សប្បុរសជន ដែលបានជួយឧបត្ថម្ភរួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចំនួន ៥០ម៉ឺនរៀល, អង្ករ ១បាវ ត្រីខ ៥យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ មីថៃ ១កេះធំ ទឹកក្រូច ៣កេះ ទឹកកូកា ២កេះ និងទឹកសុទ្ធ ៣កេះ។
*ទី២៖ លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចំនួន ៨០០ដុល្លារ និង១៥ម៉ឺនរៀល
*ទី៣៖ លោកឧត្តមសេនីយ៍ត្រី សៀង ឡេង ចំនួន ៥០ម៉ឺនរៀល
*ទី៤៖ លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ចំនួន ៥០ម៉ឺនរៀល
*ទី៥៖ លោកឧត្តមសេនីយ៍ត្រី ហ៊ួត ស៊្រី ចំនួន ២៥ដុល្លារ
*ទី៦៖ លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ចំនួន ៣០ដុល្លារ
*ទី៧៖ លោកវរសេនីយ៍ឯកស្រ៊ុន វី ចំនួន ២៥ដុល្លារ
*ទី៨៖ លោកវរសេនីយ៍ឯក លឹម វណ្ណៈ ចំនួន ២០ម៉ឺនរៀល
*ទី៩៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទគុជនា ចំនួន ៤០ម៉ឺនរៀល
*ទី១០៖ លោកវរសេនីយ៍ទោ រស់ រ៉េន ចំនួន៩ម៉ឺន និង១៥ដុល្លារ
*ទី១១៖ លោក យឹម សោភ័ណ ចំនួន ២០ដុល្លារ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា ថវិកា និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ គឺជាការចូលរួមដោយសទ្ធាជ្រះថ្លាពីបងប្អូនខ្មែរយើង ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។

សូមជម្រាបថា ឃាតកម្មនេះជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសម្នាក់។ គេបានសង្ស័យថា ជនល្មើសអាចធ្វើសកម្មភាពចាប់រំលោភកុមារី អាយុជិត១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុជាង ២ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ដោយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ។

អ្វីដែលធ្វើឲ្យគេសង្វេគជាខ្លាំងនោះ គឺបុរសជាឪពុកពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តីរន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក៕