(តូក្យូ, ជប៉ុន)៖ ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយនៅលើទឹកដីជប៉ុននាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ។

បញ្ហាពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាក្នុងតំបន់ និងនៅលើពិភពលោកផងដែរ នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ក៏បានលើកមកជជែកនៅក្នុងជំនួបនាព្រឹកថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្រៅពីជំនួបពិភាក្សាការងារនេះ សម្តេចតេជោ ហ៊ុន សែន និងលោក អាបេ ស៊ីនហ៊្សូ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួនពីរ ដែលជាជំនួយឥតសំណងរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ពិធីសារដែលចុះហត្ថលេខានោះរួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។

បន្ទាប់ពីពិធីចុះហត្ថលេខានេះទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន រៀបចំអាហាថ្ងៃត្រង់ទទួលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងបញ្ចប់ទស្សនកិច្ចនៅលើប្រទេសជប៉ុននៅថ្ងៃនេះហើយជាមួយលទ្ធផលដ៏គាប់ប្រសើរជាច្រើនសម្រាប់ជាប្រយោជន៍កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ៕