(ភ្នំពេញ)៖ ណាហ្គាវើលដ៍ ត្រូវបានប្រកាសជាក្រុមហ៊ុន ដែលឈ្នះពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវ ហៅកាត់ថា «ពានរង្វាន់ AREA» ក្នុងប្រភេទ «អភិវឌ្ឍសង្គម» នៅឯពិធីប្រគល់ពានរង្វាន់ ក្នុងទីក្រុងតៃប៉ិ កាលពីពេលថ្មីៗនេះ។

ជ័យលាភីនេះ ទទួលស្គាល់ស្នាដៃរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានជួយលើកកម្ពស់ការអភិវឌ្ឍសង្គម និងការកសាងប្រទេសជាតិនាំមុខគេ ក្នុងការផ្តួចផ្តើមអភិវឌ្ឍវិស័យកីឡាសម្រាប់សហគមន៍ ពោលគឺ «កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ ក្នុងប្រទេសកម្ពុជា»

រៀបចំឡើងដោយសហគ្រាសប្រចាំទ្វីបអាស៊ី ពានរង្វាន់ AREA នេះ ទទួលស្គាល់ក្រុមហ៊ុន និងអង្គភាពណា ដែលមានកម្មវិធីទំនួលខុសត្រូវក្នុងសង្គម (CSR) ឆ្នើមជាងគេសម្រាប់សង្គមជាតិ។ ក្នុងឆ្នាំនេះ មានពាក្យសុំជាង ២០០ មកពី១៦ប្រទេសទូទាំងទ្វីបអាស៊ី ត្រូវបានដាក់ស្នើមកកាន់គណៈកម្មការជ្រើសរើស។

នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានថ្លែងថា «យើងមានកិត្តិយសយ៉ាងខ្លាំង ដែលស្នាដៃអភិវឌ្ឍសហគមន៍របស់យើងត្រូវបានទទួលស្គាល់។ កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ ផ្តល់ឱកាសឲ្យយុវជនបានអភិវឌ្ឍ និងបង្កើនជំនាញលេងបាល់ទាត់របស់ពួកគេ។ ទីមួយ កម្មវិធីនេះ បានបណ្តុះបណ្តាល និងបង្កើនជំនាញបង្ហាត់កីឡាដល់គ្រូកីឡាទាំងអស់នៅក្នុងខេត្ត»

លោកបន្ដថា ទីពីរ វាផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីវ័យក្មេងដ៏ប៉ិនប្រសប់របស់យើង ឲ្យបង្កើនជំនាញរបស់ពួកគេ តាមរយៈការចូលរួមប្រកួតលក្ខណៈអន្តរជាតិ និងការដោះដូរកីឡាករ-កីឡាការិនី ជាមួយក្លឹបបាល់ទាត់ក្នុងតំបន់។ យុវជន គឺជាអនាគតរបស់ប្រទេសជាតិ ហើយយើងសង្ឃឹមថា នឹងចូលរួមមួយផ្នែកក្នុងការជួយពួកគេ ឲ្យក្លាយជាអត្តពលិកឆ្នើម សម្រាប់ប្រទេសកម្ពុជា។

លោក Pern Chen បានបន្ថែមទៀតថា ណាហ្គាវើលដ៍ បានរៀបចំការប្រកួតបាល់ទាត់ខ្នាតតូចអាយុក្រោម១៨ឆ្នាំ ដែលចូលរួមដោយសិស្សានុសិស្សជាង៦០០នាក់ ជាមួយគោលបំណងលើកទឹកចិត្ត ឲ្យកីឡាករ-កីឡាការិនីវ័យក្មេង បង្ហាញជំនាញរបស់ពួកគេ និងទទួលបានបទពិសោធន៍ និងទំនុកចិត្តពីការប្រកួតលើទីលានផ្ទាល់។

«ការប្រកួតនេះ ក៏បានជួយយើងឲ្យស្វែងរកកីឡាករ-កីឡាការិនីដែលពូកែសម្រាប់ការបណ្តុះបណ្តាលបន្តផងដែរ។ ជាការពិត យើងបានរៀបចំថ្នាលបណ្តុះបណ្តាលជាច្រើនដែលផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សជាង ៥០០ នាក់ចាប់ពីឆ្នាំ ២០១៤»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Pern Chen។

លោកថា ក្នុងខណៈពេលយើងកំពុងស្វែងរក និងអភិវឌ្ឍកីឡាករ-កីឡាការិនីថ្មីៗ សម្រាប់ក្រុមជម្រើសជាតិ គោលបំណងធំបំផុតរបស់យើង ក៏ជួយបង្កើតនូវវប្បធម៌ នៃការលេងកីឡាសម្រាប់សុខភាព និងកសាងប្រទេសជាតិ តាមរយៈការបណ្តុះគំនិត ឲ្យស្រឡាញ់កីឡាបាល់ទាត់ផងដែរ។

ការចូលរួមយូរអង្វែងក្នុងការអភិវឌ្ឍវិស័យកីឡារបស់ណាហ្គាវើលដ៍ រួមមាន៖ ការឧបត្ថម្ភគាំទ្រដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងផ្តល់រង្វាន់ដល់អត្តពលិកជាតិ ដែលទទួលបានជ័យជម្នះ ក្នុងការប្រកួតអន្តរជាតិ ដូចជា ការប្រកួតកីឡាទ្វីបអាស៊ី និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជាដើម៕

ពីឆ្វេងទៅស្តាំ៖ បណ្ឌិត Tan Sri Dr. Fong Chan Onn ប្រធានសហគ្រាសប្រចាំទ្វីបអាស៊ី លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ និងបណ្ឌិត Naoki Adach ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Responsible Ability Inc.