(តូក្យូ-ជប៉ុន)៖ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) ប្រធាន/នាយកប្រតិបត្តិក្រុមហ៊ុន មីណេបៀរ មីតហ៊្សូមី ដែលជាក្រុមហ៊ុនជប៉ុនមានប្រតិបត្តិការ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ផលិតម៉ូទ័រខ្នាតតូច និងគ្រឿងបង្គុំអេឡិចត្រូនិកមានបុគ្គលិកប្រមាណ ៩ពាន់នាក់ បានគោរពរាយការណ៍ជូនលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន អំពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីពិសារអាហារពេលល្ងាច នៃសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់តំបន់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

ក្រុមហ៊ុន មីណេបៀរ មីតហ៊្សូមី មានទីស្នាក់ការនៅខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១។ ដោយមើលឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅឆ្នាំ២០១១ ក្នុងការផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល។ល។

បន្ទាប់ពីបានប្រតិបត្តិការមួយ រយៈមកក្រុមហ៊ុន បានពង្រីកមុខសញ្ញាផលិតកម្ម ផលិតភ្លើងបំភ្លឺកញ្ចក់ទូរស័ព្ទ ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ និងចុងក្រោយនេះ បានបំពាក់នូវប្រព័ន្ធអំពូលភ្លើង LED នៅតាមទីធ្លាសាធារណៈក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប។

នាពេលថ្មីៗនេះ ក្រុមហ៊ុនបានចុះហត្ថលេខាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីក្លាយជាដៃគូផ្លូវការក្នុងរយៈពេល២ឆ្នាំ ដើម្បីចូលរួមចំណែកលើកកម្ពស់ វិស័យកីឡាបាល់ទាត់នៅកម្ពុជា៕