(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះថា​ មន្រ្តីនគរបាលដែលជាប់សង្ស័យលួច iPad មួយគ្រឿងនៅក្នុងហាងវីងមួយកន្លែងនៅខណ្ឌទួលគោកនោះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់ការបន្តទៀត។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «យើងបានប្រគល់គាត់ទៅឲ្យខាងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត»។ អធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មន្រ្តីនគរបាលរួបនេះ បានចូលមកសារភាពនៅចំពោះមុខសមត្ថកិច្ចនៅល្ងាចថ្ងៃនេះ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ក្រសួងមហាផ្ទៃ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សូមបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។

ក្រោយពីបានបង្ហោះវីដេអូ នៃការលួចបន្លំ iPad ខាងលើនេះ នាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងៗ ពីមហាជននៅលើបណ្តាញសង្គម Facebook នោះស្រាប់តែនៅល្ងាចថ្ងៃដដែលនេះ ម្ចាស់ Account «leakhenana Jeanana» បានលុបចោលវីដេអូនេះចេញបាត់ ហើយបានបង្ហោះខ្លឹមសារថ្មីថា ជាការយល់ច្រឡំទៅវិញ។

Account Facebook ដែលជាម្ចាស់ហាងរូបនេះ បានបង្ហោះយ៉ាងដូច្នេះថា «មុននេះមានករណីបាត់ iPad ដោយបងប៉ូលីសម្នាក់ បានមកដកលុយរួចកាន់យកទៅ។ ប្រហែល ២ម៉ោងក្រោយ ខ្ញុំបានបង្ហោះ Facebook ពេលនេះ គាត់បានប្រគល់ iPad មកឲ្យខ្ញុំវិញហើយ ដោយគាត់និយាយថា គាត់យល់ច្រឡំកាន់ចេញទៅ»។

យ៉ាងណាក៏ដោយ បើទោះបីជាម្ចាស់ហាងបកស្រាយបែបនេះ តែសម្រាប់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាញសង្គម និងថ្នាក់ដឹកនាំនគរបាលហាក់មិនជឿនោះឡើយ។ មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ បានបញ្ចេញទស្សនៈថា តាមរយៈសកម្មភាពនៅក្នុងវីដេអូខាងលើនេះ បានបង្ហាញថា ជាទង្វើលួចដោយទុច្ចរិតយ៉ាងពិតប្រាកដ ដែលត្រូវទទួលទោសតាមច្បាប់ និងប៉ះពាល់ដល់កិត្តិយសនគរបាល ជាតិ។

មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់នៅនាយកដ្ឋានព្រហ្មទណ្ឌ បានថ្លែងឲ្យដឹងថា នៅពេលនេះលោក ហេង ហាប់ ស្ថិតក្រោមការសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តទៀត៕

Advertising