(ម៉ិចស៊ីកូ)៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងរដ្ឋ វែរ៉ាគ្រូស (Veracruz) នៃប្រទេសម៉ិចស៊ីកូ ដោយរថយន្តក្រុងដឹកអ្នកទេសចរមួយគ្រឿង បានជុលគ្នាជាមួយនឹង​រថយន្តដឹកកុទំនិញខ្នាតមធ្យមមួយគ្រឿង នាំឲ្យមនុស្សចំនួន ២១នាក់បាត់បង់ជីវិត និង៣០នាក់រងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Global News នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើនេះ បានកើតមានឡើងនៅលើផ្លូវហៃវេយ៍នៅលើភ្នំមួយក្នុងរដ្ឋ Veracruz ដោយក្រោយការជុលគ្នាពេញមួយទំហឹង រថយន្តក្រុងដឹកអ្នកទេសចរបាន​ផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ និងផ្តាច់ជីវិតមនុស្ស ២១នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈមនុស្ស ៣០នាក់ទៀតរបួស ក្នុងនោះមួយចំនួនតូចៗរងរបួសធ្ងន់។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងក្រោយបុកគ្នាបានធ្លាក់ផ្អៀងទៅលើជម្រាលផ្លូវ ដែលជាហេតុធ្វើឲ្យទ្វារចេញរបស់វា​ត្រូវខ្ទប់ជាប់ ទើបអ្នកដំណើរមិនអាចគេចចេញទាន់ រហូតដល់រថយន្តផ្ទុះឆេះតែម្តង។

គួរបញ្ជាក់ថា រថយន្តខ្នាតធំទាំងពីរនេះសុទ្ធតែផ្ទុះឆេះដូចគ្នា នៅពេលធ្វើដំណើរសំដៅទៅភាគ​ខាងលិចរដ្ឋ Veracruz នៅលើតំបន់ភ្នំកើតហេតុនេះ​ដែលឈ្មោះថា ឃ្យូមប្រេស ឌែ ម៉ាល់ត្រាតា (Cumbres de Maltrata)។ មូលហេតុចម្បងនៃគ្រោះថ្នាក់​កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីមន្ត្រីប៉ូលិសក្នុងតំបន់៕